ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងធនធានទឹក និងឧតុនិយម
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅសាលប្រជុំទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងជាច្រើនរូប។

សូមជម្រាបថា ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល គាំទ្រ និងជំរុញដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងឱ្យអនុវត្តដោយរលូន និងដើម្បីធានាឱ្យការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ស្របតាមរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ និងបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក)





