ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ ការដាំកូនឈើជាការបង្កើនគម្របបៃតង និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និង "ពន្លកបៃតង"
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- «ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនក្នុងការទទួលយកកូនឈើទៅដាំតាមសហគមន៍ តាមទីសាធារណៈ អមផ្លូវថ្នល់ វត្តអារាម សាលារៀន លំនៅឋាន និងដាំស្តារព្រៃ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងពន្លកបៃតង។ លើសពីនេះ ដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក័ជាផ្នែកមួយ នៃការអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរ នាពេលអនាគតផងដែរ»។

នេះគឺជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅចំពោះមុខឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុក ក្រុងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ រួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក្រុមយុវជន និងប្រជាពលរដ្ឋប្រមាណ២០០០នាក់ ក្នុងពិធីបុណ្យរុក្ខទិវាថ្នាក់ជាតិ ០៩ កក្កដា ២០២៥ ដែលប្រារព្ធធ្វើនៅបរិវេណស្នាក់ការទ្វារទឹកស្ទឹងតូច ស្ថិតក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានរំលឹកថា “រុក្ខទិវា ៩កក្កដា” ជាមរតកកើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំនិងថែរក្សាព្រៃឈើតកូន តចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។ ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ និងជាពិសេសប្រជាពលរដ្ឋទូទាំងខេត្តបានចូលរួមការពារ និងអភិរក្សធានធានធម្មជាតិ និងបានតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍បរិស្ថាន ដើម្បីបង្កើនជីវភាពសហគមន៍និងគ្រួសារ។ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកន្លងមក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងអព្យាក្រឹតកាបូន។

ក្នុងពិធីនេះ រដ្ឋបាលព្រៃឈើបានចែក និងដាំកូនឈើក្នុងបរិវេណច្រាំងទំនប់ទ្វាទឹកស្ទឹងតូច និងនៅតាមបណ្តោយខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចប្រវែង៥.៦០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែកក់ ស្រែចែង ក្រាំងធំ និងភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានកូនឈើចម្រុះសរុបចំនួន ២.២៤៥ដើម ក្នុងនោះមានកូនត្នោតដែលជាដំណាំអត្តសញ្ញាណនិមិត្តរូបខេត្តកំពង់ស្ពឺចំនួន១.២០០ដើម។ រដ្ឋបាលព្រៃឈើបានត្រៀមកូនឈើប្រភេទប្រណិតរយៈពេលវែង និងឈើហូបផ្លែចំនួន៥.០០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ៕

ដោយ លឹម សាន្ត





