ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យស្នងការរាជធានីភ្នំពេញរៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យស្នងការរាជធានីភ្នំពេញរៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាបឱ្យទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានណែនាំបែបនេះក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍នៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្នងការរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ដូច្នេះមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីយើងអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។ ការងារនេះជាការងារដែលដាច់ខាតត្រូវរួមគ្នាធ្វើដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងហ្នុង ពិសេសគឺយកភ័ស្តុតាងឱ្យបាន។ ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ខ្លួនយើងស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងបង្ក្រាបលុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនទើបគ្រប់គ្រាន់។ សូមពិនិត្យទីតាំងស្នាក់នៅរួមរបស់ជនបរទេសឱ្យបានម៉ត់ចត់ និងម៉ឹងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វី ដោយភាពត្រឹមត្រូវ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អភិបាលខណ្ឌទាំង១៤ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ។ ការងារនេះនៅតែបន្តធ្វើដោយភាពម៉ឹងម៉ាត់ និងគ្មានទីបញ្ចប់ រហូតONLINE SCAMSអស់ពីរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងផងដែរថា ចាប់ពីថ្ងៃទី០២ កក្កដា ២០២៥រហូតមកដល់ថ្ងៃទី១៩ កក្កដា ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCA MS) បានចំនួន១៦ទីតាំង និងឃាត់មនុស្សបាន ៧៣៤នាក់ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដាក្នុងចំនួននេះមានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បាន បញ្ជាក់ផងដែរថា ក្នុងចំនួនទីតាំងដែលបង្ក្រាប បាននេះមានចំនួន២ទីតាំងដែលយើងបង្ក្រាបចំគោលដៅនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តងដោយយើងដកហូតបានវត្ថុតាងមួយចំនួនធំ៕

ដោយ សួស សំរិត





