ខ្យល់កន្ត្រាក់នៅស្រុកព្រៃនប់ធ្វើឱ្យរបើកដំបូលផ្ទះចំនួន៨៥ខ្នងផ្ទះ និងរលំតូប០១
AKP ព្រះសីហនុ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- លោក អ៊ី ធារិន ប្រធានគណៈកម្មាធិការគ្រោះមហន្តរាយស្រុកព្រៃនប់ បានឱ្យដឹងថា នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៥ គិតត្រឹមម៉ោង៧ព្រឹក ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ទទួលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យមានរលំតូបកាហ្វេចំនួន០១ និងរបើកដំបូលផ្ទះអស់ចំនួន៨៥ខ្នងផ្ទះ និងខូចខាតស័ង្កសីចំនួន៥៣៩សន្លឹក ស្ថិតនៅក្នុងឃុំចំនួន៣ ក្នុងស្រុកព្រៃនប់៖ ១. ឃុំជើងគោ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១៧ខ្នងផ្ទះ ក្នុងនោះខូចខាតដំបូលផ្ទះស័ង្កសីចំនួន១២៥សន្លឹក។ ករណីគ្រោះមហន្តរាយខ្យល់កន្ទ្រាក់នេះមិនបណ្តាលឱ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិត។ ២. ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣៩ខ្នងផ្ទះ ខូចខាតដំបូលស៊ីប្រូចំនួន២៦១សន្លឹក។ ករណីនេះមិនបណ្តាលឱ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ៣. ឃុំសំរុង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នងផ្ទះ ក្នុងនោះរបើកដំបូល២៩ខ្នងផ្ទះ និងរលំតូបកាហ្វេចំនួន០១ករណីនេះ មិនបណ្តាលឱ្យមានមនុស្សរងរបូស។

លោក អ៊ី ធារិន បានឱ្យដឹងថា យើងកំពុងតាមដានដោយយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីឱ្យក្រុមការងារគ្រោះមហន្តរាយនៅតាមបណ្តាឃុំទាំង១០នៃស្រុកព្រៃនប់ ចុះពិនិត្យ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ ជាពិសេសការតាមដានឥទ្ធិពលព្យុះទី៦ ឈ្មោះ វីពផា (Wibha) T2506 មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ ក៏ប៉ុន្តែព្យុះវីពផានេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ក៏ប៉ុន្តែខេត្តព្រះសីហនុជាខេត្តជាប់សមុទ្រតែងតែរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ បណ្តាលឱ្យរបើកដំបូលផ្ទះ និងអាចមានរលំផ្ទះថែមទៀតផង។ ដូច្នេះ អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយសង្គ្រោះ និងការសម្របសម្រួលដោះស្រាយជួយបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ យើងក៏បានត្រៀមកម្លាំង និងសម្ភារមួយចំនួនក្នុងការជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនោះទេ៕




ដោយ ងូ សុមុនី





