រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈមលើសំណើ សំណូមពរ ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម អ៊ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋករ តំណាងក្រសួងរ៉ែ និងថាមពល តំណាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ក្នុងកិច្ចដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈមលើសំណើ សំណូមពរ ដែលបានលើកឡើងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដូចជា៖ ១- សំណើសុំបង្កើតភណ្ឌាគារគយមានដែនកំណត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ២- ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ៣- ការបង្កើតមន្ទីរពេទ្យសហគមន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ៤-ការសម្របសម្រួលលើការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដោយសារតម្រូវការនៃការអភិវឌ្ឍរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រ សហគ្រាសជាង២០០ ដែលបានទាក់ទាញអ្នកវិនិយោគដែលមានគុណភាពដោយ ផ្តោតសំខាន់លើបច្ចេកវិទ្យាកម្រិតខ្ពស់បន្ថែមទៀត ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានត្រៀមផ្ទៃដី ៣៤ ៧០០ម៉ែត្រការ៉េ ដើម្បីបង្កើតភណ្ឌាគារគយមានដែនកំណត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការសាងសង់ឃ្លាំង ហើយឃ្លាំងយើងគ្រោងធ្វើការសាងសង់តាមជំហានជាបីតំណាក់កាល។

ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមលើសំណើ សំណូមពរ ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលមាន៤ចំណុចខាងលើ អង្គប្រជុំបានធ្វើការពិភាក្សា ឯកភាពនៅលើចំណុចទី១ ទី៣ និងទី៤។ ដោយឡែកចំណុចទី២ សំណើអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខាងតំណាងក្រសួងរ៉ែ និងថាមពលមិនអនុញ្ញាត សូមរង់ចាំដល់ឆ្នាំ២០២៩។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់តំណាងតំបន់សេដ្ឋកិច្ចពិសេសធ្វើការស្មើសុំទៅក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

ដោយ ងូ សុមុនី





