វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគមអង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមានរៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគមអង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់លោក ខ្លូត ចិន្តា អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ នាយក នាយករងរបស់រដ្ឋបាលសាលាខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុងស្រុក ព្រមទាំងប្រធានអង្គការ សមាគម និងសហគមន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងថា ការរៀបចំជាវេទិកានេះឡើងគឺស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជួយសម្របសម្រួលពង្រឹង កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងសហគមន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្ត សំដៅចូលរួមចំណែកការផ្តល់កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលរងខេត្តក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងមានមនសិកាស្នេហាជាតិខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមបានរឹងមាំ ធ្វើឱ្យខេត្តបានបោះជំហានអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ដោយមានការចូលរួមពីបណ្តាអង្គការសង្គមស៊ីវិលសហការល្អ បានធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ខ្លូត ចិន្តា ក៏បានកោតសរសើ និងវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណ ចំពោះអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានាទាំងអស់ ដែលធ្វើសកម្មភាពក្នុងទឹកដីខេត្តកំពង់ចាមដោយបានរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាយ៉ាងជិតស្និទ្ធជួយអភិវឌ្ឍខេត្ត និងសូមបន្តសកម្មភាពល្អៗទាំងនេះ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕

ដោយ ឆាយ ម៉ុត





