ក្រុមហ៊ុនវិនិយោគនៃប្រទេសកាតា ចាប់អារម្មណ៍ការវិនិយោគ លើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥-លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH នៃប្រទេសកាតា បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH នៃប្រទេសកាតា និងប្រតិភូ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះគណៈប្រតិភូក្រុមហ៊ុនវិនិយោគនៃប្រទេសកាតា AI Mansour Holding (AMH) និងក្រុមហ៊ុន LCH Investment Group Co., Ltd. ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានអរគុណដែលក្រុមហ៊ុន បានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា កន្លងទៅសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ក៏ធ្លាប់បានអំពាវនាវដល់អ្នកវិនិយោគនៅប្រទេសកាតាអញ្ជើញមកចាប់យកឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន AMH បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងស្ដាប់នូវមតិយោបល់របស់សម្ដេចតេជោបន្ថែមទៀត ដើម្បីស្វែងរកឱកាវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា មានសក្ដានុពលវិនិយោគជាច្រើន ដែលក្រុមហ៊ុនបរស់លោក ក៏ដូចជាវិនិយោគិនរបស់ប្រទេសកាតាអាចមកធ្វើការវិនិយោគ ក្នុងនោះមានទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានរំលេចថា វិស័យកសិកម្មផ្ដោតសំខាន់ដែលកម្ពុជាចង់បាននោះគឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញបន្តទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក។
ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន ក៏បានអរគុណដល់សម្ដេចតេជោដែលបានបញ្ជាក់ពីសក្ដានុពលវិនិយោគសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុនលោកក៏ចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។ លោកប្រធានក្រុមហ៊ុនបញ្ជាក់ទៀតថា លោកចាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានសុវត្ថិភាព សន្ដិសុខល្អ និងមានសន្ដិភាព ដែលជាកត្តាអំណោយផលដល់ការវិនិយោគពីបរទេស ដូច្នេះលោកបានជ្រើសរើសយកប្រទេសកម្ពុជាក្នុងការវិនិយោគដំបូងគេសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ដោយ៖ ជឹម ណារី





