ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលFrancophonie Summit ២០២៦ដែលកម្ពុជានឹងជាធ្វើជាម្ចាស់ផ្ទះ
AKP សៀមរាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥–ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ OIF នៅព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៥ បានបើកវគ្គបណ្ដុះបណ្ដាល វិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជុំវិញខេត្ត អង្គការពាក់ព័ន្ធ មគ្គុទ្ទេសក៍ទេសចរណ៍ និងសិស្ស-និស្សិតសរុបប្រមាណ ៨០រូប។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលខាងលើប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធាន និងពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ក្នុងខេត្តសៀមរាបជាពិសេសកសាងសមត្ថភាពបន្ថែមដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលFrancophonie Summit ២០២៦ដែលកម្ពុជានឹងជាធ្វើជាម្ចាស់ផ្ទះ។ វគ្គបណ្ដុះបណ្ដាលវិក្រឹតការនេះ ផ្ដោតសំខាន់សំខាន់ចំណេះដឹង និងជំនាញរួមមាន៖ (១)វឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជានិងពិភពលោក (២)ការយល់ដឹងអំពីបដិសណ្ឋារកិច្ច របស់មគ្គុទ្ទេសក៍ទេស ចរណ៍(៣)ជំនាញក្នុងការដឹកនាំ និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ទេសចរណ៍ (៤) ក្រមសីលធម៌វិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍(៥)ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់តំបន់ឧទ្យានជារិអង្គរ២០២១-២០២៥(៦)យល់ដឹងពីស្ថាបត្យកម្មនិងការរុករកថ្មីៗក្នុងតំបន់អង្គរ(៧)ការយល់ដឹងអំពីទីផ្សារទេសចរ ណ៌កម្ពុជា និងការរៀបកញ្ចប់ទស្សកិច្ចសម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ (៨)សមត្ថភាពបរិយាយជាភាសាបារាំង និង(៩)ហ្វឹកហាត និងអនុវត្តផ្ទាល់នៅប្រាសាទបាគង។ ក្រៅពីនេះក្រសួងទេសចរណ៍ក៏នឹងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំងចំនួន២វគ្គបន្តទៀត រួមមាន៖ ថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប និងថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕




ដោយ៖ ឃុត សៅ





