នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះក្នុងតួនាទីជាសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥-- នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះមានតួនាទីធ្វើជាសេនាធិការឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអ្នករៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងសកម្មភាពការងារចុះបញ្ជីគ្រប់គ្រងអាវុធជាតិផ្ទុះ។ នេះបើយោងតាមមាត្រា៣០ នៃអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។ ឈរលើតួនាទីនេះ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះមានភារកិច្ចដឹកនាំប្រមូលទិន្នន័យ ស្ថិតិអាវុធជាតិផ្ទុះ និងផ្តើមស្នើគោលការណ៍ វិធានការគ្រប់គ្រងអាវុធជាតិផ្ទុះ ចុះបញ្ជីគ្រប់គ្រង និងរៀបចំបែបបទផ្តល់លិខិតអនុញ្ញាតប្រើប្រាស់អាវុធណែនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ និងជំនាញគ្រប់គ្រងអាវុធជាតិផ្ទុះ ណែនាំការងារស្រាវជ្រាវ ដើម្បីរកអាវុធជាតិផ្ទុះគ្រប់ប្រភេទដែលប្រើប្រាស់ ដឹកជញ្ជូន និងផ្ទេរ ទិញលក់ខុសច្បាប់។

ទន្ទឹមនេះ នាយកដ្ឋានក៏មានភារកិច្ចចុះបញ្ជីគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ផលិតកម្មដែលប្រើប្រាស់ជាតិផ្ទុះ គ្រប់គ្រងការនាំចូលសារធាតុងាយឆេះ ងាយផ្ទុះឆេះ និងអាស៊ីតខ្លាំង ការស្តុកទុក ការចែកចាយ ការដឹកជញ្ជូន និងការប្រើប្រាស់ ត្រួតពិនិត្យ និងណែនាំបច្ចេកទេសដល់បណ្តាក្រុមហ៊ុនអាជីវកម្ម ផលិតកម្មដែលប្រើប្រាស់សារធាតុងាយឆេះ ងាយផ្ទុះឆេះ គ្រប់គ្រងការប្រកបមុខរបរងាយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការងារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ថ្លែងឱ្យដឹងថា អនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក បានយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចយ៉ាងគត់មត់បំផុត ដ្បិតការងារស្នូលរបស់នាយកដ្ឋានបានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ឈរលើតួនាទីស្នូលនេះ លោកឧត្តមសេនីយ៍ទោបានអះអាងថា នាយកដ្ឋានតែងបានចុះត្រួតពិនិត្យតាមបណ្តារាជធានី ខេត្ត ដើម្បីពង្រឹងការប្រើប្រាស់អាវុធជាតិផ្ទុះ ផ្សព្វផ្សាយអំពីច្បាប់ និងគោលការណ៍នៃការប្រើប្រាស់អាវុធជាតិផ្ទុះទាំងក្នុងជួរកងកម្លាំង និងក្នុងចំណោមពលរដ្ឋ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងរំសេវ ដូចជាកែច្នៃ និងលក់កាំជ្រួចជាដើម។ ជាមួយគ្នានេះ នាយកដ្ឋានក៏បានចាត់គ្រូបង្គោលចុះបង្រៀននៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ សែម គន្ធា នាយកដ្ឋានក៏បាន និងកំពុងបន្តអនុវត្តអនុស្សរណៈជាមួយមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីទទួលព័ត៌មាន និងទទួលវគ្គបណ្ដុះបណ្ដាលផ្សេងៗ ជាពិសេសការទទួលព័ត៌មានពីអាវុធជាតិផ្ទុះ ឬគ្រាប់រំសេវ និងសំណល់គ្រឿងផ្ទុះ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ ក្នុងនោះនាយកដ្ឋានបានសហការកម្ទេចអាវុធជាតិផ្ទុះមួយចំនួនតាមលក្ខណៈបច្ចេកទេស។ ក្រៅពីនេះនាយកដ្ឋានបានពង្រឹងទាំងការងារបច្ចេកទេស និងការងាររដ្ឋបាលទាំងជំនាញរឹង និងទន់ ជាពិសេសការអនុញ្ញាតចេញបណ្ណប្រើប្រាស់អាវុធដល់កងកម្លាំង មន្ត្រីមុខងារសាធារណៈ ដែលមានសិទ្ធិប្រើអាវុធ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





