អភិបាលរងខេត្តកណ្តាលដឹកនាំកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងព្រះរាជពិធីបុណ្យអុំទូក
AKP កណ្ដាល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥-- លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥។

លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រឡងប្រណាំងពន្ធនាគារខេត្តបានប្រជុំសម្រេចជ្រើសរើសយកទណ្ឌិតចំនួន៣៦នាក់ ស្រី០៤នាក់ មកធ្វើការដាក់ជូនគណៈកម្មការថ្នាក់ខេត្ត ដើម្បីធ្វើការពិនិត្យវាយតម្លៃ។ ទណ្ឌិតដែលជ្រើសរើសត្រូវបំពេញលក្ខណៈសម្បត្តិប្រឡងប្រណាំងចំនួន០៤យ៉ាង៖ ទី១. ទទួលស្គាល់ទោសកំហុស ដូចបានកំណត់ក្នុងសាលក្រម និងសាលដីកាស្ថាពរ ហើយតាំងចិត្តកែប្រែខ្លួន ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ អាចធ្វើសមាហរណកម្មទៅសង្គមជាតិវិញ ពេលអនាគត។ ទី២. គោរព និងអនុវត្តម៉ឺងម៉ាត់វិន័យបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សកម្មក្នុងការចូលរួមបង្ការទប់ស្កាត់រាល់ទង្វើល្មើសរបស់អ្នកទោសផ្សេងទៀតក្នុងពន្ធនាគារ មិននិយាយ ឬប្រព្រឹត្តទង្វើទាំងឡាយណាដែលជះឥទ្ធិពលមិនល្អដល់អ្នកដទៃ។ ៣. សកម្មក្នុងការងារពលកម្ម និងរៀនវិជ្ជាជីវៈប្រកបដោយស្មារតីភ្ញាក់រលឹក ប្រឹងប្រែងធ្វើឱ្យបានសម្រេចតាមផែនការកំណត់ ដែលមានឥទ្ធិពលក្នុងការជំរុញចលនាប្រឡងប្រណាំងក្នុងចំណោមទណ្ឌិតទាំងឡាយ បង្កើតគំនិតច្នៃប្រឌិត ដែលត្រូវបានទទួលស្គាល់ និងបញ្ចូលទៅក្នុងការងារអប់រំ ការងារពលកម្ម និងបង្រៀនវិជ្ជាជីវៈ និងទី៤. សកម្មលត់ដំ និងអប់រំខ្លួន កសាងចរិយាមារយាទ លើកកម្ពស់សីលធម៌រស់នៅ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូរចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ដើម្បីឱ្យក្លាយជាពលរដ្ឋស្លូតត្រង់ មានប្រយោជន៍សម្រាប់សង្គមជាតិ ព្រមទាំងមានស្មារតីជួយដល់ទណ្ឌិតដទៃទៀត ឱ្យខិតខំកសាងខ្លួន ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

ក្នុងឱកាសនោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥ គឺធ្វើឡើងដោយមានការវិនិច្ឆ័យត្រឹមត្រូវច្បាស់ គ្មានការយោគយល់ដោយមិនមានការសូកប៉ាន់ឡើយ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





