ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥--សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនបរទេស១៣នាក់ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប។

នាវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះប្រតិបត្តិការបង្រ្កាបនៅទីតាំងផ្ទះវីឡាជួលមួយកន្លែង ដែលក្រុមស្រាវជ្រាវសង្ស័យមាន ជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

ក្រុមសមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ក្នុងនោះមានស្ត្រី០៤នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវ បានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ដោយ៖ ប៊ុនរិទ្ធ





