ក្រសួងព័ត៌មានគាំទ្រ សម្រាប់ការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយទាំងបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មានបានបង្ហាញការគាំទ្រ និងទទួលស្គាល់ថា ពិតណាស់សម្រាប់ការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយទាំងបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលពិតជាអាចជួយសង្រ្គោះជីវិតមនុស្ស និងកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃគ្រោះមហន្តរាយ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋលេខាធិការបែបនេះក្នុងឱកាសបិទសិក្ខាសាលាអមស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយ លើការជូនដំណឹងព្រមានបឋមប្រកបដោយប្រសិទ្ធភាព” ស្របពេលដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្ដសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម កៅ អ៊ីមរ៉ន មានប្រសាសន៍ថា សិក្ខាសាលាពិសេសនេះ បានផ្តោតសំខាន់ទៅលើតួនាទីដែលមិនអាចខ្វះ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ដំណឹងបឋមអំពីគ្រោះថ្នាក់អោយទាន់ពេលវេលា និងត្រឹមត្រូវ ការបង្កើនការត្រៀមលក្ខណៈសម្រាប់សហគមន៍ និងការឆ្លើយចំពោះការប្រឈមនឹងគ្រោះមហន្តរាយ ដ៏មានសារៈសំខាន់ស្ទើរតែមិនគួរឱ្យជឿ។ ឯកឧត្តម បានថ្លែងការកោតសរសើរចំពោះវាគ្មិន អ្នកសម្របសម្រួល និងអ្នកចូលរួមទាំងអស់ ចំពោះការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្ត ចំពោះប្រធានបទដ៏សំខាន់នេះ ព្រោះថាសិក្ខាសាលាពិសេសនេះ បានផ្តោតសំខាន់ទៅលើតួនាទីដែលមិនអាចខ្វះ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ដំណឹងបឋម ជំរុញបង្កើនការត្រៀមលក្ខណៈសម្រាប់សហគមន៍ និងការឆ្លើយចំពោះការប្រឈមនឹងគ្រោះមហន្តរាយ ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា តាមរយៈសិក្ខាសាលា និងកិច្ចពិភាក្សានាពេលនេះដែរ ពិតជាបានចង្អុលបង្ហាញពីអំណាចនៃកិច្ចសហការ រវាងរដ្ឋាភិបាល អ្នកផ្សព្វផ្សាយ អ្នកជំនាញបច្ចេកវិទ្យា និងដៃគូអន្តរជាតិ ក្នុងគោលដៅរួម គឺដើម្បីកសាងប្រព័ន្ធដែលលឿន ឆ្លាតវៃ និងធន់ជាងមុន។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «យើងទទួល ស្គាល់ថាការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយទាំងបែបប្រពៃណី និងប្រព័ន្ធ ផ្សព្វផ្សាយទំនើបអាចជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយផលប៉ះពាល់ហានិភ័យនៃគ្រោះមហន្តរាយ»។

ឯកឧត្ដម រដ្ឋលេខាធិការក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) សម្រាប់ការរៀបចំព្រឹត្តិការណ៍អមមុនកិច្ចប្រជុំកំពូលដ៏សំខាន់នេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ AIBD សម្រាប់ភាពជាដៃគូរបស់ពួកគេក្នុងឱកាសនៃកិច្ចប្រជុំកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកតី២០ ឆ្នាំ២០២៥។ ឯកឧត្ដមរដ្ឋលេខាធិការបានចាត់ទុកកិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការពង្រឹងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយក្នុងតំបន់តាមរយៈការទំនាក់ទំនងប្រកបដោយ ប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន អ្នកសម្របសម្រួល និងអ្នកចូលរួមទាំងអស់មកពីអង្គភាពផ្សព្វផ្សាយជាតិ អង្គភាព គ្រប់គ្រងគ្រោះមហន្តរាយ ឧស្សាហកម្ម ICT បណ្ឌិតសភា និងវិស័យទូរគមនាគមន៍ ចំពោះការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តចំពោះប្រធានបទដ៏សំខាន់នេះ៕
ដោយ៖ រិទ្ធី





