កម្ពុជា និងហ្វីលីពីន ឯកភាពគ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានសម្រាប់ការស្រាវជ្រាវ ស៊ើបអង្កេត និងវិធានការច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
កម្ពុជា និងហ្វីលីពីនបានពិភាក្សាគ្នា និងផ្លាស់ប្តូរយោបល់អំពីបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងឯកភាពគ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការចែករំលែកព័ត៌មានសម្រាប់ការស្រាវជ្រាវ ស៊ើបអង្កេត និងវិធានការច្បាប់ ព្រមទាំងការទទួលយកពលរដ្ឋហ្វីលីពីនត្រឡប់ទៅវិញ។ ការលើកឡើងរបស់ភាគីទាំងពីរនេះ ក្នុងឱកាសដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។


ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវ គ.ប.ឆ.ប. និងបានដាក់ចេញនូវបទបញ្ជាឱ្យរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការរួមគ្នាក្នុងការចុះបង្រ្កាប និងបោសសម្អាតទីតាំងដែលមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស។ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនអំពីតួនាទី និងការទទួលខុសត្រូវរបស់ គ.ប.ឆ.ប. ដែលតាមដាន និងគាំទ្រ ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងមហាផ្ទៃ ។
ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងរួមប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកជំទាវ Flerida Ann Camille P. Mayo បានអបអរសាទរចំពោះការសម្រេចបង្កើត គ.ប.ឆ.ប. ដែលបង្ហាញពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល និងកត់សម្គាល់នូវលទ្ធផលជាក់ស្តែងនៃប្រតិបត្តិការបង្រ្កាបរបស់កម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូតបានចែករំលែកនូវបទពិសោធន៍របស់ប្រទេសហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសង្រ្គោះពលរដ្ឋហ្វីលីពីន កន្លងមក៕
ដោយ៖ រិទ្ធី





