គ្រោះធម្មជាតិខ្យល់កន្ត្រាក់ធ្វើឱ្យរបើកដំបូលផ្ទះចំនួន១២ខ្នង ស្ថិតនៅឃុំចំនួនពីរ ក្នុងស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥-- តាមរបាយការណ៍គ្រោះមហន្តរាយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ គិតត្រឹមម៉ោង៣ ស្ថានភាពគ្រោះធម្មជាតិខ្យល់កន្រ្តាក់បានកើតឡើងបណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំចំនួន០២ ក្នុងស្រុកព្រៃនប់ គឺ៖ ១. ឃុំជើងគោ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១១ខ្នងផ្ទះ ក្នុងនោះខូចខាតដំបូលផ្ទះ ស័ង្កសីចំនួន៦៥សន្លឹក និងរលំសំយ៉ាបផ្ទះទាំងស្រុងចំនួន០១។ ករណីគ្រោះមហន្តរាយខ្យល់កន្ទ្រាក់នេះមិនបណ្តាលឱ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតយ។ ២. ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ០១ខ្នងផ្ទះ ខូចខាតដំបូលស៊ីប្រូចំនួន០៦សន្លឹក ។ ករណីនេះមិនបណ្តាលឱ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ផលប៉ះពាល់នៃគ្រោះមហន្តរាយនៅក្នុងឃុំចំនួនពីរនៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលធ្វើឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន ១២ខ្នងផ្ទះ ក្នុងនោះ ខូចខាតដំបូលស័ង្កសីចំនួន៦៥សន្លឹក និងស៊ីប្រូ ០៦សន្លឹក និងរលំសំយ៉ាបផ្ទះ០១។


ទន្ទឹមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីឪ្យអនុសាខាស្រុក អនុសាខាក្រុង ត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំនូវឥទ្ធិពលព្យុះទី៦ ឈ្មោះ វីពផា (Wibha) T2506 មានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ ហើយព្យុះវីពផានេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ក៏ប៉ុន្តែខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រតែងតែរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ គឺខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំបណ្តាលធ្វើឱ្យមានរបើកដំបូលផ្ទះ និងអាចមានរលំផ្ទះទាំងស្រុងថែមទៀតផង។ ដូច្នេះអាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ត្រៀមជួយសម្របសម្រួលដោះស្រាយគ្រោះធម្មជាតិ ដើម្បីយើងមានវិធានការទុកជាមុនក្នុងការជួយបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា យើងក៏ត្រូវត្រៀមកម្លាំងសរុប ក្នុងការជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងការជួយប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដោយមិនទុកឪ្យប្រជាពល រដ្ឋរបស់យើងណាម្នាក់រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនោះទេ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ក្នុងការនាំយកអំណោយសង្គ្រោះបន្ទាន់ទៅធ្វើការចែកជូនបងប្អូនបានទាន់ពេលវេលាផងដែរ៕


ដោយ ងូ សុមុនី





