អង្គការ MCC ចូលរួមប្រជុំជាមួយលោកជំទាវ អ៊ឹម រចនា ផ្ដោតសំខាន់ទៅលើផ្សោត ជ្រូកទឹក និងល្មិច កំពុងរងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥-- អង្គការអភិរក្សសមុទ្រកម្ពុជា Marine Conservation Cambodia (MCC) មានកិត្តិយសបានចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ដែលដឹកនាំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។
មន្ត្រីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពី “ការពារធនធានជលផលសមុទ្រដែលកំពុងរងគ្រោះ” ផ្ដោតសំខាន់ទៅលើផ្សោត ជ្រូកទឹក និងល្មិច ដែលបានធ្វើឡើងនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ ក្នុងនាមជាអង្គការដែលមានបេសកកម្មលើការស្រាវជ្រាវ និងអភិរក្សសត្វសមុទ្រ MCC បានចែករំលែកបទពិសោធន៍អំពីការងាររួមជាមួយរដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានប្រកបដោយចីរភាព និងការអភិរក្សសត្វសមុទ្រយ៉ាងមានប្រសិទ្ធភាព។



ក្នុងកិច្ចប្រជុំនេះបានបញ្ចូលការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត កែប និងព្រះសីហនុ សមាជិកក្រុមប្រឹក្សាសង្កាត់ សហគមន៍នេសាទ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាអភិរក្សធនធានសមុទ្រដ៏មានតម្លៃរបស់កម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ MCC)





