បទយកការណ៍៖ គណៈប្រតិភូអន្តរជាតិកោតសរសើរកម្ពុជាដែលបានរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០បានល្អនិងទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលទទួលបានការកោតសរសើរពីគណៈប្រតិភូអន្តរជាតិ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល សន្និសីទកំពូល និងវេទិកាកម្រិតអន្តរជាតិជាច្រើន។ ការណ៍ដែលជនបរទេសនិយាយពេញៗមាត់ពីសមត្ថភាពនៃការរៀបចំដ៏ល្អពេលកម្ពុជាទទួលបន្ទុកដឹកនាំព្រឹត្តិការណ៍ធំៗនេះ វាពិតជាសមហេតុសមផលទៅនឹងការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានជ្រោងកិត្តិយសជាតិឱ្យលេចធ្លោឡើងលើឆាកអន្តរជាតិ។


ពេលធ្វើដំណើរមកដល់កម្ពុជា ពេលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា សុទ្ធសឹងជាកម្មវត្ថុដែលត្រូវបានកត់សម្គាល់ដោយក្រសែភ្នែកគណៈប្រតិភូអន្តរជាតិ។ ប៉ុន្មានថ្ងៃនេះ ពួកគេទទួលបានបទពិសោធន៍ច្រើននៅលើទឹកដីកម្ពុជា ការនិយាយបរិយាយដោយឥតលាក់លៀមចេញពីដួងចិត្តរបស់ភ្ញៀវបរទេសអាចជាភស្តុតាង ឬជាទិន្នន័យមួយសម្រាប់វិនិច្ឆ័យលើព្រឹត្តិការណ៍ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ។
ពេលចេញពីកន្លែងទទួលទានអាហារថ្ងៃត្រង់ លោក Ian Chew ជាគណៈប្រតិភូមកពីប្រទេសសិង្ហបុរី បាននិយាយថា លោកពិតជាពេញចិត្តក្នុងការចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ(20th Asia Media Summit) ជាខ្លាំង ព្រោះសន្និសីទនេះមានការរៀបចំបានល្អ តាំងពីការទទួលបដិសណ្ឋារកិច្ចភ្ញៀវនៅអាកាសយានដ្ឋានអន្តរជាតិរហូតដល់ការដើរកម្សាន្តតាមរមណីយដ្ឋាន។

គណៈប្រតិភូមានទឹកមុខរួសរាយរូបនេះ បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណអ្នករៀបចំសន្និសីទ ដែលធ្វើការងារបានយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ខ្ញុំគិតថា ក្នុងកិច្ចប្រជុំពាក់ព័ន្ធបច្ចេកវិទ្យាដែលខ្ញុំបានចូលរួម ពិតជាមានសារៈសំខាន់ណាស់ ព្រោះបានធ្វើឱ្យខ្ញុំបានយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថលសម្រាប់ពេលអនាគត ជាពិសេសរឿងរ៉ាវបច្ចេកវិទ្យាទំនើប»។
ចំណែកឯ លោកស្រី Inoka Jayasundara ផលិតករព័ត៌មានមកពីប្រទេសស្រីលង្កា ក៏បានសម្ដែងការពេញចិត្តចំពោះសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ជាខ្លាំងផងដែរ ព្រោះមានការរៀបចំបានល្អ តាំងពីការទទួលបដិសណ្ឋារកិច្ចភ្ញៀវនៅអាកាសយានដ្ឋានអន្តរជាតិរហូតដល់រមណីយ។

ខណៈពេលនេះ ជាលើកទី១ផង សម្រាប់លោកស្រី ដែលបានមកដល់ប្រទេសកម្ពុជា លោកស្រីមើលឃើញថា៖«កម្ពុជា ជាប្រទេសល្អ មានបរិស្ថានស្អាតធ្វើឱ្យខ្ញុំចូលចិត្តបរិយាកាសបែបនេះ។ ព្រឹត្តិការណ៍នេះផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះការផលិតព័ត៌មានដូចរូបខ្ញុំ។ ដូច្នេះវាជាបទពិសោធន៍មួយដ៏ល្អសម្រាប់ការងាររបស់ខ្ញុំក្នុងការធ្វើកិច្ចសហប្រតិបត្តិការការងារផ្សព្វផ្សាយនៅប្រទេសស្រីលង្កា»។
កំពុងឈររេរានៅក្រៅបន្ទប់ប្រជុំ ដៃចុចទូរសព្ទចុះឡើងផងនោះ លោកស្រី Serena Ahern ជាអ្នកធ្វើការផ្នែកព័ត៌មានវិទ្យុ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាននិយាយថា សន្និសីទនេះបាននិយាយច្រើនពី AI ជាពិសេសសិក្ខាសាលាថ្ងៃនេះ ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ AI និងជាការៀនសូត្របន្ថែមពីជម្រើសថ្មីផងដែរ។

ក្រៅពីការចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់មុនមួយថ្ងៃនៃសន្និសីទកំពូលបើកជាផ្លូវការនោះ លោកស្រីបានសង្កេតឃើញថា ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ និងស្វាគមន៍ភ្ញៀវបានល្អ។ «ថ្វីត្បិតតែខ្ញុំធ្លាប់មកទស្សនាប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី២០ឆ្នាំមុន។ ទឹកដីកម្ពុជា ទឹកដីអង្គរ សន្ដានចិត្តប្រជាជនកម្ពុជានៅតែទាក់ចិត្តចង់ឱ្យលោកស្រីមកលេងម្ដងហើយម្ដងទៀត និងមកលេងជាលក្ខណៈក្រុមគ្រួសារតែម្ដង»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី Serena Ahern។

មិនខុសពីការលើកឡើងរបស់អ្នកចូលរួមក្នុងសន្និសីទខាងលើនោះ លោក Wickramage Don Dhammika មកពីប្រទេសម៉ាឡេស៊ី ជាអ្នកគ្រប់គ្រងកម្មវិធីនៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD) បានបង្ហាញទឹកមុខហាក់ចង់ផ្ដល់ព័ត៌មានដល់សាធារណជនតាមរយៈអ្នកសារព័ត៌មាន។ ដោយញញឹមបណ្ដើរ និយាយបណ្ដើរ អ្នកគ្រប់គ្រងកម្មវិធីរូបនេះ លើកពីការធ្វើដំណើរមកដល់ដំបូងលើទឹកដីអច្ឆរិយៈអង្គរ នៃខេត្តសៀមរាប ដោយភ្ជាប់ពាក្យភ្លាមថា លោកក៏មានសុទិដ្ឋិនិយមថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) នឹងប្រព្រឹត្តិទៅដោយរលូននៅថ្ងៃស្អែក។ ជាមួយនឹងការជូនពរដល់គណៈប្រតិភូ លោកសង្ឃឹមថា៖ «ព្រឹត្តិការណ៍ដ៏ធំក្នុងប្រព័ន្ធផ្សព្វផ្សាយនិងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយសកល ជាការផ្សារភ្ជាប់មនុស្សពីគុណតម្លៃនៃការផ្ដល់គំនិតយោបល់ផ្សេងគ្នា និងជាឱកាសដែលវាគ្មិនអាចចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក»។
ចំណែកឯ លោក Prakash Veer ជាគណៈប្រតិភូមកពីប្រទេសឥណ្ឌា ក៏បានលើកឡើងដូចគណៈប្រតិភូដទៃទៀតដែរថា សន្និសីទកំពូលនាពេលនេះ ជាឱកាសល្អសម្រាប់រូបលោក។ ក្នុងនាមលោកជាអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសឥណ្ឌា លោកយល់ថា៖ «សន្និសីទនេះផ្ដោតសំខាន់លើបច្ចេកវិទ្យា AI នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិក AIBD ក្នុងការពង្រីកចំណេះដឹងលើផ្នែកបច្ចេកវិទ្យាទំនើប»។

ពាក់ព័ន្ធនឹងសន្និសីទកំពូលនេះដែរ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហាញមោទនភាពចំពោះប្រទេសកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ដែលមានអ្នកជំនាញព័ត៌មាន និងអ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ចូលរួមពី៣៧ ប្រទេស ដើម្បីពិភាក្សាគ្នារិះរកមធ្យោបាយឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលានាសម័យកាលឌីជីថល។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កម្ពុជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីប្រទេស៣៧ប្រទេសគឺជាអំណះអំណាងមួយយ៉ាងជាក់ស្ដែងថា កម្ពុជាជាប្រទេសពិតជាមានសុខសន្តិភាព គឺជាប្រទេសដែលអាចទទួលក្នុងការៀបចំកម្រិតអន្តរជាតិនេះជាបញ្ហាទី១ ,បញ្ហាទី២ សំខាន់គឺទេពកោសល្យរបស់ប្រជាពលរដ្ឋកម្ពុជាយើងដែលផ្ដល់នូវស្នាមញញឺម ការផ្ដល់នូវភាពរាក់ទាក់ ការផ្ដល់នូវស្នាមញញឹមចាត់ទុកថា ភ្ញៀវទាំងអស់សុទ្ធសឹងជាក្នុងចង្កោមគ្រួសារតែមួយ ចឹងហើយអ្នកដែលបានចូលរួមនៅទីនេះសុទ្ធតែបានបន្លឺ សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ទោះបីភ្ញៀវខ្លះធ្លាប់បានអញ្ជើញមកលើកទី១ លើកទី២ក្ដីមិនធ្លាប់មកក្ដី សុទ្ធតែបាននិយាយថា កម្ពុជាមានភាពស្រស់ស្អាត ប្រជាពលរដ្ឋកម្ពុជាស្រស់ស្រាយញញឹមរាក់ទាក់ ហើយកម្ពុជាមានសន្តិភាពយ៉ាងពិតប្រាកដ»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រុមការងារ AKP





