ឯកឧត្ដម ហេង រតនា ឆ្លើយតបទៅភាគីថៃថាកម្ពជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា និងបានអនុវត្ដយ៉ាង សកម្មអនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិនិងអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥…
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃចន្ទទី២១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា និងបានអនុវត្ដយ៉ាងសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធិតាំងពីឆ្នាំ២០០០មកម្លេះ ។

ឯកឧត្ដមបានបន្ដថា គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់ មីន ប្រឆាំងមនុស្សមានចំនួនប្រមាណ៤,៦លានគ្រាប់ ហេីយគិត មកដល់ពេលនេះកម្ពុជា បានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡេីងវិញ។ គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦មុឺនគ្រាប់។

ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា គឺទី១. រដ្ឋភាគីនីមួយៗ មានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឱ្យលើសរយៈពេល ១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគី នៃអនុសញ្ញានេះ។ ទី២.រដ្ឋភាគីនីមួយៗ ត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថា មានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាក់ដោយ សារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោលទាំងស្រុងរួច ៕
ដោយ សួស សំរិត





