ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំក្រុមការងារទៅពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជនស្ថិតនៅភូមិអូរកាខុប
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅពិនិត្យស្ថានភាពក្នុងតំបន់ដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរមូលដ្ឋាន។

តំបន់សម្បទាននេះមានផ្ទៃដីសរុប១២០០ហិកតា ដោយបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងជំហានទីមួយចំនួន១០៩ខ្នង ចាប់សាងសង់នៅឆ្នាំ២០២២ និងបន្តសាងសង់ផ្ទះ ក្នុងជំហានទី២ ចំនួន ១១០ខ្នង ទៀត។ ដោយឡែក ក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមកសាងផ្លូវល្បាយក្រួសចំនួន២ខ្សែ ប្រវែងសរុប៤១០០ម៉ែត្រ និងសាងសង់អណ្ដូងចំនួន៤អណ្ដូង បានដំឡើងម៉ាស៊ីនចម្រុះទឹកស្អាតចំនួនកន្លែងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានផ្ដល់ជូនអណ្ដូងចំនួន៣បន្ថែមទៀត តាមសំណើរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា សម្រាប់បម្រើជូនសេចក្ដីត្រូវការរបស់គ្រួសារអតីតយុទ្ធជន។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងក្រុមការងារ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ១ខ្សែ ប្រវែង១៧គីឡូម៉ែត្រ ដែលចាប់ផ្ដើមពីភូមិស្រែសារ ឃុំត្បែងខ្ពស់ ទៅដល់ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវត្រូវបានក្រសួងដាក់បញ្ចូលទៅគម្រោងស្ថាបនា ជាផ្លូវក្រាលកៅស៊ូពីរជាន់ នៅចុងឆ្នាំ២០២៦ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA)៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





