ឯកឧត្ដម ជា សុមេធី ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃចំនួន៣២វត្ត ក្នុងស្រុកពាមជរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ចំនួន ៣២វត្ត ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម និងបុព្វការីជន ព្រមទាំងញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជន និងអាជ្ញាធរ តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យ ។

សូមជម្រាបជូនថា ទេយ្យទានដែលឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគេនជូនរួមមាន ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ត្រីខ សាដក ទឹកត្រី និងទឹកស៊ីអ៊ីវ និងថវិកាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





