ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាមបន្តបំពេញភារកិច្ចឱ្យកាន់តែប្រសើរថែមទៀត
AKP កំពង់ចាម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានជំរុញដល់ក្រុមការងារចុះមូលដ្ឋាន ក្រុងកំពង់ចាម បន្តបំពេញភារកិច្ចឱ្យកាន់តែប្រសើរថែមទៀតក្នុងឆមាសទី២ នេះដោយឆមាសទី១កន្លងទៅ ក្រុមការងារចុះមូលដ្ឋានក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម បានរួមគ្នាបំពេញភារកិច្ច ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ ជាពិសេសគឺបានដោះស្រាយបញ្ចប់នូវបញ្ហាមួយចំនួន ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ កន្លងមក ត្រូវបានទទួលការសាទរ និងការសប្បាយរីករាយ ពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ គឺជាមោទនភាព សម្រាប់ក្រុមការងារយើងទាំងអស់គ្នា ដែលយើងបានធ្វើខិតខំបំពេញការងារ ឆ្លើយតបទៅនឹងសំណើ សំណូមពរ របស់ប្រជាពលរដ្ឋយើង។

ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាមបានថ្លែងដូចនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យក្រុមការងារយើងទាំងអស់ត្រូវតែខិតខំបន្តអនុវត្ត ការងាកាន់តែប្រសើថែមទៀត ដូចជាត្រូវយកចិត្តទុកដាក់ ពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។ ជំរុញបន្ថែមនូវការបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀតនិងសូមឱ្យបន្តការចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្ដាសង្កាត់ ទាំង៤ ដើម្បីស្តាប់រាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ បង្កើន ការស្រឡាញ់និងមានជំនឿជឿជាក់ពីពលរដ្ឋមកលើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្តការគាំទ្រការដឹកនាំនាអាណត្តិបន្តបន្ទាប់ទៀត៕

ដោយ ឆាយ ម៉ុត





