រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្រុងច្បារមន
AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ព្រះរាជអាជ្ញា ប្រធានតុលាការ អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធឡើងនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន នីតិកាលទី៧នៃរដ្ឋសភា តែងបានផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដឹកនាំ និងដាក់ចេញនូវកិច្ចការជាច្រើនដូចជា ការបង្កើតច្បាប់ និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជាបន្តបន្ទាប់ ការដាក់ចេញនូវគោលការណ៍ណែនាំ បទបញ្ជា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការណែនាំឱ្យក្រសួង ស្ថាប័នដែលជាសមាជិករបស់អ.ជ.ប.គ.ញ. ត្រូវមានយន្តការនិងថវិកាគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីអនុវត្តតួនាទីភារកិច្ចពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ស្ថានភាព និងបញ្ហាគ្រឿងញៀននៅខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះ គឺទាមទារឱ្យគ្រប់អង្គភាពពាក់ព័ន្ធ ពិសេស អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបន្តរៀបចំ និងពង្រឹងនូវយន្តការសម្រាប់ការឆ្លើយតប និងដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាននីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពថែមទៀត ទាំងលើការងារអនុវត្តច្បាប់ អប់រំ បង្ការ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបានជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម ចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ៕
ដោយ លឹម សាន្ត





