អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយពិធីនេះបានរៀបចំនៅក្នុងបរិវេណ បូជនីយដ្ឋានយុទ្ធជនពលី ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។

ពិធីសម្ពោធទទួលបានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ប្រភេទ មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សា និងអភិបាលស្រុកជុំវិញខេត្ត តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ អតីតយុទ្ធជន និងនិវត្តន៍ជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនចំពោះ អតីតយុវជន និងនិវត្តន៍ជនចំនួន១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ១បាវ ទឹកសុទ្ធ១កេះ មី១កេះ ត្រីខ ១យួរ ទឺកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ជូនស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនូវកុំព្យូទ័រ ចំនួន១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងម៉ាស៊ីនទឹកក្តៅ-ត្រជាក់ចំនួន ១គ្រឿង ព្រមទាំងតុកៅអីប្រជុំ និងសម្រាប់បំពេញការងាររដ្ឋបាលប្រចាំថ្ងៃរបស់ស្នាក់ការនេះផងដែរ ។
គួរជម្រាបជូនផងថា អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនេះ មានទទឹងប្រវែង៩ម៉ែត្រ បណ្ដោយប្រវែង២៨ម៉ែត្រ ស្មើនឹង ២៥២ម៉ែត្រការ៉េ,ប៉ឺបមុខក្រោយ ១០,៥០ម៉ែត្រ គុណនឹង ៦,៥០ម៉ែត្រ ស្មើនឹង៦៨ម៉ែត្រការ៉េ ដែលចែកចេញជា១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងការសាងសង់អគារនេះផងដែរ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





