ឯកឧត្តម នេត្រ ភក្រ្តា៖ កម្ពុជាមិនឱ្យព័ត៌មានក្លែងក្លាយដឹកមុខទេ កម្ពុជានឹងរួមជាមួយប្រទេសក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥–
កម្ពុជាមិនអាចឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងទេ។មានន័យថាកាលណាមានព័ត៌មានក្លែងក្លាយយើងត្រូវតែដាក់ព័ត៌មាពិតបកស្រាយ លឿនតាមអ្វីដេលអាចធ្វើទៅបាន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថា តាមរយៈបទពិសោធន៍កន្លងមកឃើញថាមានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជាយុទ្ធនាការ ច្បាស់លាស់ ចេញជារូបរាងនិងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋ។ក្រៅពីនេះយើងក៏សិក្សាទៅលើផ្នែកឯកសារ និងការរៀបចំគិតគូរផ្សេងៗរបស់បណ្តាប្រទេសមួយចំនួន ដែលមិនទាន់មានសកម្មភាពជាក់ស្តែងនៅឡើយទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា”សម្រាប់ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះ យើងនឹងចែករំលែកទាក់ទិនក្នុងរឿងនេះ។ព្រមជាមួយគ្នានេះកម្ពុជារំពឹងថានឹងមានសេចក្តីថ្លែងការណ៍អង្គរ២.០ ដែលមានន័យថាជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។កាលពីលើកទី១ក្នុងកិច្ចប្រជុំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីកាលពីឆ្នាំ២០១៩កន្លងទៅមានសេចក្តីថ្លែងការណ៍អង្គរ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ចឹងនៅក្នុងឆ្នាំ២០២៥យើងនឹងមានរៀបចំសេចក្តីថ្លែងការណ៍អង្គរស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ដោយសារបច្ចុប្បន្នបញ្ញាសិប្បនិម្មិត (AI)ចូលជ្រែក ក្នុងដោយក្នុងនេះពេលខ្លះបានប្រើប្រាស់សំឡេងយកទៅបំភ្លៃ បំប៉ោង ដើម្បីធ្វើឱ្យប្រជាពលរដ្ឋភាន់ច្រឡំដែលបញ្ហានេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា”។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដែរថាដោយឡែកប្រធានបទសំខាន់មួយទៀតគឺក្នុងក្របខណ្ឌកិច្ចសហប្រតិការការទូតព័ត៌មានដែលក្រសួងដឹកនាំកិច្ចប្រជុំនេះគឺបានផ្តោតសំខាន់ទៅលើកិច្ចសហការជាមួយបណ្តាប្រទេសដទៃទៀត ពិសេសក្នុងបរិបទបច្ចេកវិទ្យាកំពុងរីកចម្រើនដែលចាំបាច់បណ្តាប្រទេសទាំងអស់ ត្រូវសហការគ្នា ធ្វើការងារជាមួយគ្នា ដើម្បីពង្រឹងទៅលើប្រសិទ្ធភាពព័ត៌មាន ទៅលើសន្តិសុខព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋរបស់ខ្លួនទទួលបានព័ត៌មានដែលមានគុណភាព ធានាបានការទទួលព័ត៌មាន បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងសុវត្តិភាពព័ត៌មានដែលទប់ស្កាត់កុំឱ្យមានព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះប្រធានបទទី៤ដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានក្នុងសង្គមដែលផ្តល់អំណាចធំដល់យុវជនពិសេសស្រ្តី។តាមរយៈបច្ចេកវិទ្យានេះមិនអនុញ្ញាត្តឱ្យនរណាម្នាក់នៅដាច់ដោយឡែកតែឯកឯងទេពោលគឺត្រូវតែមានទំនាក់ទំនងជាមួយគ្នា។
ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តាបានថ្លែងឱ្យដឹងដែរថាអ្វីដែលយើងរំពឹងទុកបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងពិសេសក្នុងតំបន់អាស៊ីតែម្តងកាន់តែរួបរួមគ្នា ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។ត្រូវតែមានការចែករំលែករបស់ប្រទេសនីមួយៗក្នុងតំបន់ និងចែករំលែកដល់ប្រទេសផ្សេងៗទៀតបានយកទៅអនុវត្ត ឬទាញយកទៅជាបទពិសោធន៍សម្រាប់ការអនុវត្តក្នុងកិច្ចការងាររបស់ខ្លួន។ដោយឡែកចំពោះការទូតព័ត៌មានដែលក្រសួងព័ត៌មានកម្ពុជាបង្កើតឡើងគឺដើម្បីឱ្យបណ្តាប្រទេសនីមួយៗមានការយកចិត្តទុកដាក់ ហើយរួបរួមគ្នាក្នុងការរៀបចំ នូវគោលនយោបាយ គំនិតផ្តួចផ្តើម គម្រោង និងការអនុវត្តផ្សេងៗដែលបម្រើឱ្យតំបន់ បម្រើឱ្យទ្វីបក្នុងអាស៊ីតែម្តងដែលធ្វើឱ្យបណ្តាប្រទេសនីមួយៗកាន់តែជិតស្និទ្ធ ឈានទៅដល់ការដោះស្រាយរួមគ្នា៕
ដោយ៖មករា ,រូបថត៖ ក្រុមការងារ AKP





