រដ្ឋបាលខេត្តកំពង់ចាមនាំយកទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ក្នុងក្រុងកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បាននាំយកទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាមវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៤ ក្នុងក្រុងកំពង់ចាម មាន វត្តខេមវ័នបឹងស្នាយ វត្តជោតនារាមបឹងកុក វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម ដោយក្នុង១វត្តៗ មាន ៖ ទៀនវស្សាក្បាច់ចំនួន០១ គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខចំនួន ០១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន ១កេសធំ ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម និងបច្ច័យចំនួន ៣ ១៦០ ០០០រៀល។ ដោយឡែកព្រះសង្ឃចំនួន៧អង្គ ក្នុង១អង្គប្រគេនទេយ្យវត្ថុ១ និងបច្ច័យ ១០០.០០០រៀល ចង្ហាន់១ស្រាក់ ផ្លែឈើ១កន្ត្រកផងដែរ។

គួររំលឹកផងដែរថា តាមទំនៀមទម្លាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ ព្រះសង្ឃទាំងឡាយគ្រប់អារាម ត្រូវនិមន្តចូលកាន់ព្រះវស្សាក្នុងថេរវេលា៣ខែ ហើយសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។ ក្នុងពេលវេលានេះ ពុទ្ធបរិស័ទជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយ នាំយក បច្ច័យ ទេយ្យវត្ថុ ដូចជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពដែលខ្លួនមានទៅប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងនេះជូនដល់អ្នកមានគុណ មាន មាតាបិតា និងញាតិសន្តាន ដែលបានចែកឋានទៅនោះ៕

ដោយ ឆាយ ម៉ុត





