អាល្លឺម៉ង់មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា តាមរយៈនាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ងប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក វរសេនីយ៍ទោ Mark Steffen Gottschalk នាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។

ក្នុងនាមក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកនាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ ប្រចាំកម្ពុជា និងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានអបអរសារទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានតែងតាំងលោក វរសេនីយ៍ទោ Mark Steffen Gottschalk ជានាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ដំបូងបង្អស់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការតែងតាំងអនុព័ន្ធយោធានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបញ្ជាក់ឱ្យឃើញថា ភាគីអាល្លឺម៉ង់មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាហើយ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរបានកើនមួយកម្រិតថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា វត្តមានរបស់លោកវរសេនីយ៍ទោ Mark Steffen Gottschalk ក្នុងតួនាទីជាអនុព័ន្ធយោធានាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ មានភាពជិតស្និទ្ធជាងមុន មានប្រសិទ្ធភាពជាងមុន ជាពិសេសនោះ មានភាពងាយស្រួលក្នុងការផ្លាស់ប្តូយោបល់ និងពិភាក្សាលើផែនការកិច្ចសហប្រតិបត្តិការ រវាងយោធានៃប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណខ្លាំងណាស់ដល់ភាគីអាល្លឺម៉ង់ ជាពិសេសឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលបានកំពុងបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងកម្ពុជា និងអាល្លឺម៉ង់។
ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកវរសេនីយ៍ទោ Mark Steffen Gottschalk នាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ថា កាលពីខែឧសភាថ្មីៗនេះ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង នាថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រដ្ឋលេខាធិការ បានស្នើភាគីអាល្លឺម៉ង់ បង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក និងការផ្តល់ជូននូវវគ្គបណ្តុះបណ្តាល វែង-ខ្លី ដល់កងយោធពលខេមរភូមិន្ទ (វគ្គបណ្ឌិតសភាយោធា វគ្គបញ្ជាការសេនាធិការ សិក្ខាសាលា និងវគ្គជំនាញរយៈពេលខ្លី) ដែលជាចំណែកមួយ ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងជួយបង្កើនសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ។

ចំពោះការងាររបស់កងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិវិញ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពណាស់ ដែលពីមុនកម្ពុជាធ្លាប់តែជាប្រទេសទទួលកងកម្លាំងមួកខៀវអង្គការសហប្រជាជាតិ ក្នុងបេសកកម្មរក្សាសន្តិភាព ហើយបច្ចុប្បន្ននេះកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលជំនួយ ទៅជាប្រទេសដែលចូលរួមបញ្ជូនកងកម្លាំងមួកខៀវ ក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសផ្សេងវិញ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន១០,១៨៥នាក់ ដោយក្នុងនោះមាននាយទាហានស្ត្រី ចំនួន៩៤៤នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១០ប្រទេស ចាប់តាំងពីឆ្នាំ២០០៦មក។
ជាការឆ្លើយតប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ដោយសារប្រទេសយើងទាំងពីរ ពុំដែលមានការិយាល័យអនុព័ន្ធយោធាពីមុនមក ជាហេតុដែលធ្វើឱ្យមានភាពយឺតយ៉ាវ ក្នុងការអភិវឌ្ឍទំនាក់ទំនងការពារជាតិ រវាងប្រទេសយើងទាំងពីរ រួមទាំងបេសសកម្មរក្សាសន្តិភាព និងការដោះមីនមនុស្សធម៌ ដែលសង្ឃឹមថា អាល្លឺម៉ង់អាចបន្តជួយកម្ពុជា រហូតដល់ពេលដែលប្រទេសកម្ពុជា ក្លាយជាប្រទេសដែលគ្មានមីន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នៅចុងខែកញ្ញាខាងមុខនេះ លោកវរសេនីយ៍ទោ Mark Steffen Gottschalk នឹងត្រូវបញ្ចប់បេសសកម្មជានាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ ប្រចាំកម្ពុជា ហើយនៅពេលដែលនាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ ប្រចាំកម្ពុជាថ្មីមកដល់ ឯកឧត្តម ស្នើសុំភាគីកម្ពុជាជួយរៀបចំដំណើរទស្សនកិច្ច ទៅកាន់សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្ដិភាពពហុសាសន៍ នៅខេត្តកំពងស្ពឺ និងវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៅខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលដល់កិច្ចការពិភាក្សាពីសកម្មភាពរក្សាសន្តិភាពរបស់កម្ពុជា ជាមួយអាល្លឺម៉ង់៕
ដោយ សំ សាម៉ន





