ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ នាពេលថ្មីៗនេះ។

ឯកឧត្តម ទៀ សីហា បានសម្តែងស្វាគមន៍ និងបានថ្លែងអំណរអរគុណឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន តែងតែមកទស្សនកិច្ចកម្ពុជា និងបានហ្វឹកហ្វឺនរួមគ្នា ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់កងទ័ពប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ហើយសង្ឃឹមថានឹងបានផ្ដល់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនទៅមុខបន្ដទៀត។

ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាជាមួយកងទ័ពជើងគោកកម្ពុជា កងទ័ពជើងគោកហ្វីលីពីនដាក់ផែនការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ក្នុងឆ្នាំ២០២៦-២០២៧។ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពី ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន ជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរជូនចំពោះប្រទេសហ្វីលីពីនកន្លងមក មានការសម្របសម្រួលក្នុងកិច្ចការងារចំពោះកម្ពុជា ក្នុងនោះឯកឧត្តម បានបញ្ជាក់ពីការបន្ដកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភីលីពីន លើវិស័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពកងទ័ពលើកិច្ចការពារបូរណភាពទឹកដី។ ឯកឧត្តមសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនឹងទទួលបានការចែករំលែកបទពិសោធន៍ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោក ជើងទឹក ជើងអាកាសកម្ពុជា រយៈពេលវែង ខ្លី និងបន្តរៀនសូត្រពីបទពិសោធន៍ហ្វីលីពីនវិញផងដែរ៕
ដោយ សំ សាម៉ន





