សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--ខេត្តបន្ទាយមានជ័យបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ ក នៃសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងលោក-លោកស្រីប្រធានមន្ទីរ អង្គភាព ស្ថាប័ននានា និងអាជ្ញាធរក្រុង-ស្រុកក្នុងខេត្ត។

ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម អ៊ុង សម្បត្តិ បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ ដោយបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិនេះគឺជាត្រីវិស័យដ៏សំខាន់មួយសម្រាប់ដឹកនាំកិច្ចការគាំពារ និងលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជា។ ផែនការនេះត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ដោយឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការធានាថា ជនពិការទាំងអស់ទទួលបានឱកាសស្មើៗគ្នា ក្នុងការចូលរួមចំណែកក្នុងសង្គម និងទទួលបានសេវាសាធារណៈប្រកបដោយសមធម៌។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលទាំងអស់ រួមសហការគ្នាអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ ដើម្បីលើកកម្ពស់គុណភាពជីវិតជនពិការនៅទូទាំងប្រទេស ជាពិសេសនៅខេត្តបន្ទាយមានជ័យនេះ។

ចំណែក លោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលតំណាងឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានរៀបចំសិក្ខាសាលាដ៏មានប្រយោជន៍នេះឡើង។ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្រីបានសង្កត់ធ្ងន់ថា ការយល់ដឹងអំពីសិទ្ធិ និងតម្រូវការរបស់ជនពិការ គឺជាកត្តាចាំបាច់សម្រាប់ការកសាងសង្គមមួយដែលប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង និងបានអំពាវនាវដល់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវគោលការណ៍សំខាន់ៗដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រនេះ ដើម្បីធានាថាជនពិការនៅក្នុងខេត្តទទួលបាននូវការយកចិត្តទុកដាក់ ការគាំទ្រ និងការលើកកម្ពស់ជីវភាពរស់នៅសមរម្យ។

សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ មានគោលបំណងចម្បងក្នុងការលើកកម្ពស់ការយល់ដឹង អំពីសិទ្ធិ និងតម្រូវការរបស់ជនពិការនៅក្នុងសង្គម។ ធានានូវការចូលរួមពេញលេញរបស់ជនពិការនៅក្នុងគ្រប់វិស័យទាំងអស់ រួមមានការអប់រំ សុខភាព ការងារ និងជីវិតសាធារណៈ។ ពង្រឹងយន្តការគាំពារសង្គម សម្រាប់ជនពិការ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។ លើកកម្ពស់ការទទួលបានសេវា ប្រកបដោយគុណភាព និងសមធម៌សម្រាប់ជនពិការ។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលងាយស្រួលសម្រាប់ជនពិការ។

សិក្ខាសាលានេះបានធ្វើការពិភាក្សាតាមរយៈការផ្លាស់ប្តូរទស្សនៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ដើម្បីរួមចំណែកកសាងសង្គមមួយដែលប្រកបដោយសមធម៌ និងបរិយាបន្នសម្រាប់ជនពិការទាំងអស់នៅខេត្តបន្ទាយមានជ័យ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា៕
ដោយ ឈុន សារ៉ាត





