មន្រ្តីក្រសួងកសិកម្ម និងមន្រ្តីមូលដ្ឋានចុះត្រួតពិនិត្យ និងទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥-- ដើម្បីសំដៅទប់ស្កាត់បទល្មើសនេសាទក្រុមមន្រ្តីមកពីក្រសួងបរិស្ថាន រួមជាមួយយោធភូមិភាគទី៤ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ក្នុងរដូវបិទនេសាទនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ចាប់ពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងយោធភូមិភាគទី៤ រួមមានអ្នកចូលរួមសរុបចំនួន១៥នាក់ ដោយបានប្រើប្រាស់កាណូតចំនួន០២គ្រឿង ក្នុងពេលកំពុងល្បាត ក្រុមការងារក៏បានជួយសង្គ្រោះកាណូតនេសាទចំនួន១គ្រឿង និងជនរងគ្រោះម្នាក់ ដែលត្រូវខ្យល់ព្យុះបោកបក់ពន្លិច នៅចំណុចជ្រោយវល្លិប្រេង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។

ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស ក្នុងបឹងទន្លេសាបដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕

ដោយ៖ មករា





