បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ផ្សព្វផ្សាយបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងតួនាទីភារកិច្ចរបស់កងយយោធពលខេមរភូមិន្ទក្នុងសភាពការណ៍ថ្មី
AKP កំពង់ធំ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងសភាពការណ៍ថ្មី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមផងដែរ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេច លេខ ១០២/២៥ សសរ របស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ដែលមានសមាសភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប្រធានមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត ក្នុងការបំពេញភារកិច្ចបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ ស្គែម ឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីបទបញ្ជាទាំង៩ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដោយឡែកបានសង្កត់ធ្ងន់នូវចំណុចទី៦ និងចំណុចទី៩ អំពីការប្រើប្រាស់កម្លាំងកងយោធលខេមរភូមិន្ទ ក្នុងភារកិច្ច អន្តរាគមន៍ គាំទ្រ ក្នុងការអនុវត្តបទបញ្ជានេះឱ្យទទួលបានជោគជ័យ។ ក្នុងចំណុចទី៩នៃបទបញ្ជា ស្តីអំពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធនិងបុគ្គល ឬអង្គភាពណា ដែលមិនបានអនុវត្តតាមបទបញ្ជានេះ ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវប្រឈមមុខក្នុងការបញ្ចប់មុខតំណែងរបស់ខ្លួន។ ដូច្នេះយោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូលរួមសហការក្នុងការស្រាវជ្រាវ ផ្ដល់ព័ត៌មានឱ្យទាន់ពេលវេលា ដើម្បីចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចមួយចំនួនបន្ថែមទៀតជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន មធ្យោបាយ និងគ្រឿងបំពាក់ រួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ក្នុងពេលដែលខ្មាំងសត្រូវរំលោភឈ្លានពានចូលទឹកដីកម្ពុជា។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រម ក្នុងការចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមកម្លាំងសម្រាប់អនុវត្ត តាមបទបញ្ជាឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ)





