មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការចែករំលែកបទពិសោធន៍ ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នឹងធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិកម្ពុជាកាន់តែរីកចម្រើន
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥--តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរលើកទី២ ដែលបានកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២៤ ខែកក្ដដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាបនេះរំពឹងថា នឹងបានចែករំលែកបទពិសោធន៍ និង ភាពជាក់ស្តែងនៃបច្ចុប្បន្នភាពផ្នែកបណ្តាញសារព័តមានអាស៊ីប៉ាស៊ីហ្វិក ហើយវានឹងជួយជំរុញផងដែរដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យកាន់តែរីកមច្រើនថែមទៀត។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ប្រាប់នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ថា នៅក្នុងសន្និសីទ្ធកំពូលនេះកម្ពុជាយើងនឹងទទួលបាននូវចំណេះដឹង ការចែករំលែកបទពិសោធន៍ ពីអ្នកជំនាញឯកទេសក្នុងយុគសម័យបែបទំនើបនៃប្រព័ន្ធផ្សព្វផ្សាយបញ្ញាសិប្បនិម្មិត (AI) ក្តី និងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។ទោះបីយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មីនេះយើងក៏នឹងប្រឈមបញ្ហាចោទឡើងដែរហេតុដូច្នេះហើយ ក្រុមអ្នកជំនាញមកពីអន្តរជាតិទាំងនេះនឹងបានបង្ហាញពីបញ្ហាប្រឈមនឹងការព្រួយបារម្ភរបស់គេ ពិសេសទៅលើបញ្ហាសីលធម៌ អំពីអត្តចរិត និងអំពីរបៀបនៃការផ្តល់ព័ត៌មាន។ក្នុងនេះនឹងផ្តោតទៅលើការផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងព្រមជាមួយនឹងការផ្តល់ព័ត៌មានដែលក្លែងក្លាយលាយឡំជាមួយផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា«ដូច្នេះក្នុងផលប្រយោជន៍ដែលយើងទទួលបានគឺយើងនឹងបានស្គាល់ យើងនឹងយល់ច្បាស់ ពីអ្វីដែលផ្លូវយើងត្រូវដើរទៅមុខក្នុងវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ឱ្យដឹងនាថ្មីៗនេះថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នេះ គឺដើម្បីពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មានចំពោះការទូតព័ត៌មាន គឺសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍។ ចំពោះកិច្ចសហប្រតិបត្តិការនេះ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺត្រូវចាំបាច់រុញតភ្ជាប់ក្នុងតំបន់ និងពិភពលោកតែម្តង ពីព្រោះបញ្ហាដែលជួបប្រទះរួម គឺព័ត៌មានក្លែងក្លាយ ហើយហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)៕
ដោយ៖ មករា, រូបថត៖ ឃុត សៅ





