ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាធារណរដ្ឋកូរ៉េមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ
AKP កំពង់ធំ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឈៀងសាប៊ុកនៃសាធារណរដ្ឋកូរ៉េក្នុងកម្មវិធីតំណាងរាស្ត្រដើម្បីសុខភាពប្រជាជនមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៥នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំកាលពីពេលថ្មីៗកន្លងទៅនេះ។

សេចក្តីជូនដំណឹងមានខ្លឹមសារថា រដ្ឋបាលខេត្តកំពង់ធំមានកិត្តិយសសូមគោរពជម្រាបនិងជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំឱ្យបានជ្រាបថា៖មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឈៀងសាងប៊ុក នៃសាធារណរដ្ឋកូរ៉េ ក្នុងកម្មវិធីតំណាងរាស្ត្រដើម្បីសុខភាពប្រជាជនក្នុងការពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។
កម្មវិធីពិនិត្យព្យាបាលនេះធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចខាងក្រោម៖
-ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១០:០០ព្រឹកដល់ម៉ោង ១៧:០០ល្ងាច ធ្វើការ ពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។
-ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។
-ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ចាប់ពីម៉ោង ៧:៣០ព្រឹកដល់ម៉ោង ១២:០០ថ្ងៃត្រង់ធ្វើការពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការនិងកងកម្លាំងព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ ស៊ុម វណ្ណា





