អភិបាលខេត្តប៉ៃលិនអញ្ជើញចុះពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥--លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនកាលពី ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារអញ្ជើញពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាបធ្នាប់នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួលដល់ការបំពេញការងាររបស់មន្ត្រីជំនាញ លោកជំទាវបានចំណាយថវិកាផ្ទាល់ខ្លួនធ្វើការសាងសង់ខ្លោងទ្វារប្រវែង៣០ម៉ែត្រ ទទឹង ៦,២ម៉ែត្រ រួមទាំងបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំឱ្យខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបានល្អ ជាពិសេសត្រូវខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ពាក់ព័ន្ធនានា ព្រមទាំងមានការទំនាក់ទំនងកិច្ចសហការ ជាមួយបណ្តាស្ថាប័នដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ។

សូមបញ្ជាក់ថា ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីជំនាញនៅទីនោះមានដូចជា ម៉ាស៊ីនស្គែនរកអាវុធជាតិផ្ទុះ និងគ្រឿងញៀនឆ្លងដែនខុសច្បាប់ចំនួន១គ្រឿង និងម៉ាស៊ីនស្គែនកំដៅរកមេរោគកូវីដ-១៩ ចំនួន១គ្រឿងផងដែរ៕

ដោយ៖ ចាន់ សុភឿន ,ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន





