សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាតិឱ្យពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារបស់ខ្លួន
AKP ភ្នំពេញ៖ ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៥……
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាតិឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនា តាម បំណងប្រាថ្នារៀងៗខ្លួន ឱ្យតែបងប្អូនជាពុទ្ធបរិស័ស្រឡាញ់ មិនប្រកាន់ពូជសាសន៏អ្វីឡើយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់បែបនេះ ខណៈសម្ដេចកិត្ដិអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចកិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ថា. ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះ ជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត យកមកប្រគេនព្រះសង្ឃ។
ពុទ្ធបរិស័ទចំណុះជើងវត្ដនីមួយៗ តែងតែមកជួបជុំគ្នា នៅវត្ដ ដើម្បីធ្វើបទមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅ កាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃ តាមបែបប្រពៃណីព្រះពុទ្ធសាស នា ដែលជាសាសនារបស់រដ្ឋ ។ ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឱ្យឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណាមួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យនិមន្តព្រះសង្ឃទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃដាច់ខាត ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៏ថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលអនុញ្ញាតិឱ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិស ទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងៗខ្លួនបានតាមជំនឿសាសនាផងដែរ ។ សម្តេចក៏បានអំពាវនាវឱ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាពនេះឱ្យបាន នៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរការ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេសជាភារៈកិច្ចរបស់លោកចាំបាច់ ៕
ដោយ សួស សំរិត





