អភិបាលខេត្តស្វាយរៀងអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ
AKP ភ្នំពេញថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥–
ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងពិនិត្យលទ្ធភាពស្តារប្រភពទឹកឡើងវិញដើម្បីទុកជាផលប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា តាមការចុះសង្កេតពិនិត្យស្ថានភាពប្រឡាយ បឹង និងព្រែកធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាពេលកន្លងមកក៏ដូចជាថ្ងៃនេះបានពិនិត្យឃើញថា ប្រឡាយ បឹង និងព្រែកធម្មជាតិមួយចំនួនមានសភាពរាក់ មិនអាចធ្វើជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ទាំងនៅរដូវ ប្រាំង និងរដូវវស្សា ជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករតែងតែមានការខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ពុំអាចធ្វើការបង្កបង្កើនផលស្រូវបានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ឯកឧត្តមបន្ថែមថា ដោយមើលឃើញពីភាពចាំបាច់ ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋសម្រាប់បម្រើឱ្យការស្រោចស្រពទាំងរដូវប្រាំង និងរដូវវស្សា ជាពិសេសដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តនូវគោលនយោបាយធារាសាស្ត្រ និងការបង្កើនផលិតភាពនៃការបង្កបង្កើនផលរបស់ប្រជាកសិករ គាំទ្រដល់ផែនការសកម្មភាពដែលមានកំណត់ក្នុងគោលនយោបាយជំរុញផលិតកម្មស្រូវ ក្នុងនាមរដ្ឋបាលខេត្តបានចុះពិនិត្យទីតាំងប្រឡាយ បឹង និងព្រែកធម្មជាតិក្នុងភូមិសាស្ត្រខេត្ត ដែលមានសភាពរាក់ ដើម្បីជីកស្តារឡើងវិញឱ្យជ្រៅជាងមុនតាមលក្ខណៈបច្ចេកទេសធ្វើយ៉ាងណាឱ្យប្រឡាយ បឹង និងព្រែកធម្មជាតិទាំងនោះក្លាយទៅជាអាងស្តុកសម្រាប់រក្សាទឹកទុកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)





