សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកតេក្វាន់ដូបានបិទបញ្ចប់ដោយលទ្ធផលផ្លែផ្កា
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥--
សិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ រយៈពេលពីរថ្ងៃបានបិទបញ្ចប់ដោយផ្លែផ្កា ក្រោយពីគណៈគ្រប់គ្រងវគ្គបានពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះការប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសប្រកបដោយឆន្ទៈមោះមុត។
នេះជាការលើកឡើងរបស់ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ នៅក្នុងឱកាសបិទសិក្ខាសាលាស្តីពីគរុកោសល្យគ្រូបង្វឹកកីឡាតេក្វាន់ដូ នៅល្ងាចថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមការរៀបចំរបស់សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ក្រោមវត្តមានអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយក នៃក្រុមហ៊ុន SYM និង ECON Group និងជាប្រធានសមាគមតេក្វាន់ដូនគរបាលជាតិកម្ពុជា។

ក្នុងនាមគណៈគ្រប់គ្រងវគ្គ លោក សំ សុខយី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង និងប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះជំនាញកីឡាតេក្វាន់ដូ ប្រកបដោយស្មារតីឆន្ទៈមោះមុត ដែលធ្វើឱ្យវគ្គនេះទទួលបានលទ្ធផលជាផ្លែផ្កា។
អគ្គលេខាធិការរូបនេះគូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់លើចំណុចជាច្រើនដូចជា ការចែករំលែកលើប្រវត្តិនៃប្រភេកីឡាតេក្វាន់ដូ កិច្ចការតែងការក្នុងការហ្វឹកហាត់ បច្ចេកទេសក្នុងការកម្តៅសាច់ដុំ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សគុនទាំងអស់ហាត់ហើយមិនមានគ្រោះថ្នាក់ មូលដ្ឋានបច្ចេកទេសមានជំហរផ្នែកដៃ ជើង និងការអនុវត្តទម្រង់ផ្សេងៗឱ្យបានសមស្រប អនុវត្តលើមេគុន សីលធម៌ និងចិត្តសាស្ត្រ ច្បាប់លក្ខន្តិកៈក្នុងការប្រកួតជាដើម។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ជាមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងសិស្សគុន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាងសំខាន់ផុលផុស យកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសជាច្រើននាក់។

លោក សំ សុខយី សង្កត់ធ្ងន់ថា ឆ្លងកាត់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងការចែករំលែកបទពិសោធពីគ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការបង្ហាត់បង្រៀនបន្តដល់សិស្សគុនរបស់ខ្លួន នៅតាមបណ្តាក្លឹប ក៏ដូចជាអាចឈានឆ្ពោះទៅដឹកនាំសិស្សគុនចូលរួមប្រកួតបានគ្រប់ទីលានប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានេះ គ្រូបង្វឹក ដែលចូលរួមក្នុងវគ្គសិក្ខាសាលាគរុកោសល្យនេះទទួលបានជំនាញ ក្នុងការប្រឡងឡើងខ្សែក្រវាត់លំដាប់ទី១ដល់លំដាប់ទី៣ជាដើម។ ចាប់ពីដាន់ទី៤ទៅ គឺសិក្ខាកាមនឹងអាចក្លាយជាគ្រូបង្វឹក និងឈានទៅបង្កើតក្លឹបដោយខ្លួនឯង នៅក្នុងកម្រិតដាន់ទី៥។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រួមមាន៖ សិក្ខាកាមទទួលបាននិទ្ទេសល្អ ២៥% បង្គួរ ៣៥% និងមធ្យម ៤០%៕

ដោយ ហេង ណាលីន





