ប្រធានគណៈកម្មាធិការ ស-ស-យ-ក ខេត្តកំពង់ស្ពឺជួបសំណេះសំណាល ជាមួយលោកគ្រូ អ្កកគ្រូនិងសិស្សានុសិស្សនៅស្រុកគងពិសី
AKPកំពង់ស្ពឺថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥--
ឯកឧត្តម ស៊្រុន ស៊្រន់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ឯកឧត្តម បានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ថវិកាជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន ដល់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ស្ថិតនៅវិទ្យាល័យទ័ពមានជ័យ និងវិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធាន និងសមាជិកគណៈកម្មាធិការ ស.ស.យ.ក ខេត្ត លោក លោកស្រីអនុប្រធាន និងសមាជិកគណៈកម្មាធិការ ស.ស.យ.ក ស្រុកផងដែរ។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ននិងប្អូនៗសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ នាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារស-ស-យ-កខេត្តនិង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគងពិសីនិងលោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការ ក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង និងសង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។

ឯកឧត្តម បានលើកទឹកចិត្តកូន ក្មួយសិស្សានុសិស្សទាំងអស់ ក្នុងស្រុកគងពិសីក៏ដូចជាទូទាំងខេត្តកំពង់ស្ពឺឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលជោគជ័យក្នុងជីវិត និងចូលរួមការប្រកួតប្រជែងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ប្រកបដោយការប្រុងប្រយ័ត្ន និងដោយភាពទទួលខុសត្រូវខ្ពស់ ហើយសូមឱ្យកូនៗដែលជាសិស្សានុសិស្ស ទាំងអស់ ត្រូវតែទទួលស្គាល់ និងត្រូវតែគោរពដល់អ្នកមានគុណដែលបានអប់រំណែនាំ និងបណ្តុះបណ្តាលដល់យើងទាំងអស់គ្នា៕
ដោយ៖ លឹម សាន្ត





