សម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ បង្ហាញពីការយកចិត្តទុកដាក់ចំពោះវីរៈយុទ្ធជន
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥–
អគារទីស្នាក់ការថ្មីរបស់សមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលជាសមិទ្ធផលថ្មីមួយសម្រាប់បម្រើដល់កិច្ចការងារមនុស្សធម៌ និងការជួយគាំទ្រដល់ជីវភាពអតីតយុទ្ធជន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តទៅនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអតីតយុទ្ធជន ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយយ៉ាងក្រៃលែងចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម និងគណៈអធិបតីទាំងអស់។ លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ការកសាងអគារទីស្នាក់ការថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ថ្នាក់ដឹកនាំសមាគមខេត្ត ក៏ដូចជាការចូលរួមចំណែកពីសប្បុរសជននានា ដើម្បីផ្ដល់ទីកន្លែងសមរម្យមួយសម្រាប់សម្របសម្រួលកិច្ចការងាររដ្ឋបាល បម្រើសេវាសាធារណៈ និងជាទីប្រជុំសម្រាប់អតីតយុទ្ធជនពិភាក្សា និងផ្លាស់ប្ដូរយោបល់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសង្កត់ធ្ងន់ពីតួនាទីស្នូលរបស់សមាគមក្នុងការជួយដោះស្រាយរាល់ការលំបាក និងបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគាត់ ដូចជាការផ្ដល់អំណោយ សម្ភារៈ ថវិកា ព្រមទាំងការគាំទ្រផ្នែកសុខភាព និងជីវភាពរស់នៅ។ លោកបានប្ដេជ្ញាចិត្តថា នឹងបន្តដឹកនាំសមាគមខេត្តឲ្យកាន់តែមានប្រសិទ្ធភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពអតីតយុទ្ធជនទាំងអស់ ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងអគារទីស្នាក់ការថ្មីនេះឡើង។ ឯកឧត្តមបានចាត់ទុកសមិទ្ធផលនេះជាភស្តុតាងនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូលចំពោះវីរៈភាព និងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានពលីជីវិត កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជាហ៊ុនសែនប្រធានព្រឹទ្ធសភាជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងតែចាត់ទុកអតីតយុទ្ធជនជាបុគ្គលគំរូ និងជាវីរបុរសដែលមិនអាចបំភ្លេចបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា«សន្តិភាព និងការអភិវឌ្ឍដែលយើងមាននាពេលបច្ចុប្បន្ននេះ គឺកើតចេញពីការលះបង់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជនទាំងអស់។ ដូច្នេះ ការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងដល់ជីវភាពរបស់ពួកគាត់ គឺជាកាតព្វកិច្ច និងជាការដឹងគុណដ៏ធំធេងរបស់ជាតិយើង»។

ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន ដូចជាបញ្ហាដីធ្លី លំនៅឋាន សុខភាព ការងារ និងការអប់រំសម្រាប់បុត្រាបុត្រីរបស់ពួកគាត់។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ បន្តសហការ និងផ្ដល់ការគាំទ្រដល់សមាគមអតីតយុទ្ធជន ដើម្បីឲ្យសមាគមអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ការសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យនេះ មិនត្រឹមតែជាការបន្ថែមសមិទ្ធផលរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន។ ទីស្នាក់ការថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ពង្រឹងសាមគ្គីភាព រៀបចំសកម្មភាពមនុស្សធម៌ និងជាកន្លែងផ្ដល់នូវសេវាគាំទ្រចាំបាច់នានាសម្រាប់អតីតយុទ្ធជន ក៏ដូចជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិបន្តទៀត។
ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលនេះឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម
ក៏បានចែកជូនអំណោយដល់អតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីនេះដែលជាការ ឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ និងអតីតយុទ្ធជន ដើម្បីអនាគតដ៏ល្អប្រសើរ៕
ដោយ៖ ឈុន សារ៉ាត





