អភិបាលខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត ប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា
AKP ព្រះវិហារ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣០០នាក់ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជាក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការអប់រំនៅក្នុងខេត្តឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។ ពិធីនេះ បានធ្វើឡើងនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរួមចំណែក និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តចំពោះវិស័យអប់រំ។

ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបាននិងកំពុងបង្រៀន និងសិក្សានៅវិទ្យាស្ថាននេះ ហើយចំពោះការសិក្សាគួរតែផ្ដោតលើមុខវិជ្ជាដែលខ្លួនពេញចិត្ត និងបានជ្រើសរើស។
ស្របពេលដែលវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃកម្ពុជា ដែលមានមហាវិទ្យាល័យចំនួន ៥ បានបើកដំណើរការអស់រយៈពេល ៦ ឆ្នាំ មកហើយនោះ ឯកឧត្តមអភិបាលខេត្តបានចាត់ទុកថា វាជាសំណាងមួយសម្រាប់ខេត្តព្រះវិហារដែលមានវិទ្យាស្ថានបែបនេះ ដែលអាចជួយសម្រួលដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាប្អូនៗដែលពុំបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យអាចបន្តការសិក្សាបាន។ ម្យ៉ាងវិញទៀត ការសិក្សានៅវិទ្យាស្ថានក្នុងខេត្តក៏បានកាត់បន្ថយការចំណាយ និងហានិភ័យជាច្រើន បើធៀបនឹងការសិក្សានៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ដក៏បានជំរុញ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យក្តាប់យកជំនាញ ភាសាអង់គ្លេស ជាគោលសំខាន់ បន្ថែមពីលើមុខជំនាញឯកទេសដែលកំពុងសិក្សា។ ទន្ទឹមនេះ ឯកឧត្តមបានក៏ស្នើសុំទៅលោកនាយកប្រតិបត្តិវិទ្យាស្ថានឱ្យបង្កលក្ខណៈជូននិស្សិតអាចសិក្សាជំនាញពីរសម្រាប់និស្សិតម្នាក់ ក្នុងពេលសិក្សាតែមួយ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានជំនាញទ្វេដង និងចៀសវាងការខាតពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ក៏បានក្រើនរម្លឹកដល់និស្សិតទាំងអស់ឱ្យបន្តស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាដែលពិភពលោកកំពុងវិវត្តន៍ឈានទៅរកការរីកចម្រើនដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ជាពិសេសកម្មវិធីនៅក្នុង Google និង IT ដែលជាកម្មវិធីទូលំទូលាយ និងអាចផ្តល់ជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងចំណេះដឹងបន្ថែម។ ឯកឧត្តមក៏បានជំរុញឱ្យនិស្សិតទាំងអស់បង្កើត គណនី អ៊ីមែល (Email Account) ដើម្បីជាគុណប្រយោជន៍ក្នុងការទំនាក់ទំនង និងស្វែងរកព័ត៌មាន៕
ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





