ស្នងការនគរបាលខេត្តកំពង់ធំ ផ្សព្វផ្សាយបទបញ្ជា របស់រាជរដ្ឋាភិបាលដល់កងកម្លាំង
AKPកំពង់ធំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥--
ស្នងការនគរបាលខេត្តកំពង់ធំ ផ្សព្វផ្សាយបទបញ្ជា របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដល់កងកម្លាំងយកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដល់កងកម្លាំងប្រមាណជិត៣០០នាក់នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានឯកភាព សាមគ្គីភាព ឈានទៅសម្រេចបានស្នាដៃ សមិទ្ធផលនានា ជាបន្តបន្ទាប់ ជូនសង្គមជាតិនិងប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ឧត្តមសេនីយ៍ទោ ហេង សុផលបានបន្តផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០១ បបនិងសេចក្តីណែនាំលេខ០០៤ .០០៥.០១៤ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធការងារពង្រឹងកងកម្លាំងនគរបាលជាតិ ។

ឧត្តមសេនីយ៍ទោ ហេង សុផលក៏បានដាក់គោលការណ៍ចំនួន០៦ចំនុច ដល់ថ្នាក់ដឹកនាំផែនការងារ ជំនាញនិងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុកអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតគឺ÷១- ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិកម្ពុជា។២- ពង្រឹងរបៀបរបបការងារជំនាញ។៣-ការគ្រងឯកសណ្ឋាន ត្រូវស្លៀកពាក់ឱ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិក្នុងពេលវេលាបំពេញភារកិច្ចនិងបេសកកម្មជាប្រចាំថ្ងៃ។៤-ពង្រឹងការប្រមូលផ្ដុំកងកម្លាំងវេនប្រចាំបញ្ជានិងកម្លាំងអន្តរាគមន៍ ប្រចាំការ ក្នុងអង្គភាព២៤ម៉ោងលើ ២៤ម៉ោងក្នុងអង្គភាព។ ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្ត បទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន និងកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ នាគ្រាជួបការលំបាក។៥-ការងារព្រហ្មទណ្ឌ ត្រូវបន្តពង្រឹង វិធានការច្បាប់ វិធានការជំនាញការចងក្រង គ្រប់គ្រងមុខសញ្ញានិងមុខរបរពិសេសនិង៦-ការងារអគ្គិភ័យ និងសង្គ្រោះ ត្រូវបន្តត្រួតពិនិត្យ ថែទាំរថយន្តពន្លត់អគ្គិភ័យ សម្ភារៈមធ្យោបាយ ឧបករណ៍ បច្ចេកទេស បម្រើឱ្យកិច្ចប្រតិបត្តិការសង្គ្រោះ។ បន្តចុះផ្សព្វផ្សាយអប់រំបញ្ហាអគ្គិភ័យនិងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ។
ឧត្តមសេនីយ៍ទោហេង សុផលស្នងការនគរបាលខេត្តកំពង់ធំបានផ្ថាំផ្ញើ អស់កងកម្លាំងទាំងអស់ត្រូវបន្តថែរក្សាវប្បធម៌ ឯកភាព សាមគ្គីភាព ឈានទៅសម្រេចបានសមិទ្ធផលថ្មី ស្នាដៃថ្មីៗ បន្ថែមទៀត៕

ដោយ៖ ស៊ុម វណ្ណា ប្រភពស្នងការនគរបាលខេត្តកំពង់ធំ





