មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនៅខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យ ថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២៥៖
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនៅខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ ព្រមទាំង ជំរុញយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥នេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តឱ្យមានភាពរីកចម្រើននោះ។
ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃ "ទស្សនារដូវកាលបៃតងកម្ពុជា" ដោយសង្កត់ធ្ងន់ថា រដូវវស្សាគឺជាពេលវេលាមួយដ៏ល្អបំផុតសម្រាប់ការទស្សនាទេសភាពបៃតងស្រស់ត្រកាល និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។

ជាមួយនោះដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឱ្យមន្ទីរទេសចរណ៍ត្រូវ បន្តពង្រឹងការងារផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើននោះ។
ចំណែក លោក ប្រាក់ ប៉ូលី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ ដែលតែងតែផ្តល់ការគាំទ្រ និងណែនាំដល់ការងារទេសចរណ៍ក្នុងខេត្ត។
លោកបានសង្កត់ធ្ងន់ថា ខេត្តបន្ទាយមានជ័យមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដែលអាចរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ លោកបានលើកឡើងថា "ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព" និង "ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍" គឺជាទស្សនៈវិស័យដែលខេត្តនឹងបន្តប្រកាន់ខ្ជាប់ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងប្រយោជន៍រួម។ លោកក៏បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃ "ទេសចរណ៍ផ្សារភ្ជាប់ទឹកដី" ដែលជាការលើកកម្ពស់តំបន់ទេសចរណ៍នានាភ្ជាប់ជាមួយអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខេត្ត។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍លម្អិតអំពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរ។ លោកបានគូសបញ្ជាក់អំពីលទ្ធផលជាវិជ្ជមានដែលសម្រេចបានក្នុងរយៈពេល៦ខែចុងក្រោយនេះ រួមមាន ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាខេត្តបន្ទាយមានជ័យ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការងារផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។
ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ មន្ទីរបានបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងលើកកម្ពស់ផលិតផលទេសចរណ៍ថ្មីៗ ព្រមទាំងកែលម្អសេវាកម្មទេសចរណ៍ដែលមានស្រាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ការបណ្តុះបណ្តាលធនធានមនុស្ស មានវគ្គបណ្តុះបណ្តាលជាច្រើនត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពសេវាកម្ម។
មន្ទីរបានបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការរីកចម្រើនវិស័យទេសចរណ៍ក្នុងខេត្ត។
អំពីទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ផងដែរ ដែលផ្តោតសំខាន់លើការជំរុញយុទ្ធនាការទេសចរណ៍រដូវកាលបៃតង បន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសក្តានុពលទេសចរណ៍ក្នុងរដូវវស្សា ឬរដូវកាលបៃតង ដែលជាពេលវេលាដ៏ល្អសម្រាប់ការទស្សនាសម្រស់ធម្មជាតិស្រស់បំព្រង។
ការបង្កើនភាពទាក់ទាញរៀបចំកម្មវិធី និងព្រឹត្តិការណ៍ទេសចរណ៍ពិសេសៗ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។
ការពង្រឹងគុណភាពសេវាកម្មបន្តត្រួតពិនិត្យ និងលើកកម្ពស់គុណភាពសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងមគ្គុទ្ទេសក៍ទេសចរណ៍។
ការលើកកម្ពស់ទេសចរណ៍សហគមន៍ជំរុញការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន៕
ដោយ៖ ឈុន សារ៉ាត





