ឯកឧត្តម ប្រាក់ ដាវីដ ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ –
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួនពីរ គឺសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំរហាត់ទឹក ស្រុកមង្គលបុរី និងសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥នេះក្នុងគោលបំណងសំខាន់ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់សហគមន៍ និងពិនិត្យលទ្ធភាពក្នុងការប្រែក្លាយសហគមន៍ទាំងនេះទៅជាសហគមន៍កសិកម្មទំនើប។
នៅក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម ប្រាក់ ដាវីដ រួមជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ឡុង តាបនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចំណាយពេលយ៉ាងយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញ និងមតិយោបល់ពីថ្នាក់ដឹកនាំ និងសមាជិកសហគមន៍។ ក្រុមការងារបានពិនិត្យមើលពីសកម្មភាពផលិតកម្ម បច្ចេកទេសដាំដុះ និងប្រព័ន្ធទីផ្សារបច្ចុប្បន្នរបស់សហគមន៍ទាំងពីរ។

គោលបំណងគឺដើម្បីកំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមនានា ដែលសហគមន៍កំពុងជួបប្រទះ ក្នុងការឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ថ្លែងក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តម ប្រាក់ ដាវីដ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ “សហគមន៍កសិកម្មទំនើប” ដែលជាគំរូថ្មីមួយសម្រាប់លើកកម្ពស់ផលិតភាព កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលរបស់កសិករ។ ឯកឧត្តមបានពន្យល់ពីគំនិតផ្តួចផ្តើមនេះថា ជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងការអនុវត្តកសិកម្មល្អ ដើម្បីធានាបាននូវគុណភាពផលិតផល និងសុវត្ថិភាពចំណីអាហារ។
ឯកឧត្តមបានលើកឡើងថា «យើងចង់ឃើញសហគមន៍កសិកម្មរបស់យើងរីកចម្រើនទៅមុខ មិនមែនត្រឹមតែផលិតបានច្រើននោះទេ តែត្រូវផលិតឱ្យមានគុណភាព មានសុវត្ថិភាព និងអាចប្រកួតប្រជែងបាននៅលើទីផ្សារ។ ការប្រែក្លាយទៅជាសហគមន៍ទំនើប គឺមិនមែនគ្រាន់តែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ តែជាការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព»។
បន្ថែមពីនេះ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស បណ្តុះបណ្តាល និងការសម្របសម្រួលផ្សេងៗ ដើម្បីជួយសហគមន៍ឱ្យសម្រេចបាននូវគោលដៅនេះ។

សហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំរហាត់ទឹក បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនទានសហគមន៍កសិកម្មទំនើបនេះ។ តំណាងសហគមន៍បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា កង្វះបច្ចេកទេសទំនើប ដើមទុន និងទីផ្សារប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ និងអនុវត្តបច្ចេកទេសថ្មីៗ ដើម្បីលើកកម្ពស់គុណភាព និងបរិមាណផលិតផលរបស់ពួកគេ។
ដោយឡែក សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ក៏បានបង្ហាញនូវការសាទរដូចគ្នា។ ក្រុមការងារ និងសមាជិកសហគមន៍បន្ទាយឆ្មារបានឯកភាពគ្នាថា នឹងជួបប្រជុំគ្នាម្តងទៀត ដើម្បីពិភាក្សាលម្អិតអំពីផែនការសកម្មភាពជាក់លាក់ ក្នុងដំណើរការប្រែក្លាយទៅជាសហគមន៍កសិកម្មទំនើប។
នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា រវាងក្រសួង និងសហគមន៍ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយភាពជឿនលឿន។
តាមរយៈការគាំទ្រ និងការលើកទឹកចិត្តឱ្យមានការបង្កើតសហគមន៍កសិកម្មទំនើប ក្រសួងរំពឹងថា នឹងអាចជួយកសិករកម្ពុជាឱ្យសម្រេចបាននូវផលិតភាពខ្ពស់ ប្រាក់ចំណូលកាន់តែល្អប្រសើរ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។ ជំហានបន្ទាប់ គឺការអនុវត្តជាក់ស្តែងនូវផែនការដែលបានកំណត់ ដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាការពិត៕
ដោយ៖ ឈុន សារ៉ាត





