រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ៦ខែដើមឆ្នាំ២០២៥
AKPបន្ទាយមានជ័យថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៥–
រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០២៥និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ប្រភេទ មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់យ៉ាងច្រើនកុះករ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ឯកឧត្តមបានលើកឡើងថា ការអនុវត្តគោលនយោបាយនេះ គឺមិនមែនជាភារកិច្ចរបស់អាជ្ញាធរតែឯងនោះទេ ប៉ុន្តែជាការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ រាប់ចាប់ពីថ្នាក់ដឹកនាំខេត្ត រហូតដល់ប្រជាពលរដ្ឋគ្រប់រូប។

ឆ្លើយតបទៅនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់លើ កិច្ចការមួយចំនួនត្រូវខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយការទទួលខុសត្រូវនូវទិសដៅការងារ និងសំណូមពរ ដែលរដ្ឋបាលខេត្តបានដាក់ចេញដូចមានក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត ជាពិសេសចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋផ្ទាល់ ដើម្បីក្តាប់បានពីកង្វល់របស់ពួកគាត់ ពាក់ព័ន្ធបញ្ហាក្មេងទំនើង បទល្មើសគ្រឿងញៀន ចោរកម្មនិងអំពើល្មើសផ្សេងៗ ដើម្បីធ្វើផែនការដោះស្រាយប្រកបដោយ ប្រសិទ្ធភាព។

តាមដានជាប់ជាប្រចាំនូវសភាពការណ៍ប្រែប្រួលតាមបន្ទាត់ព្រំដែន ដើម្បីមានវិធានការ ដោះស្រាយ បានទាន់ពេលវេលានូវរាល់ហេតុការណ៍ ដោយយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានដាច់ខាត នូវសកម្មភាពឆ្លងដែនខុសច្បាប់។
ចុះមូលដ្ឋាន គ្រប់គ្រងពលករដែលបានត្រឡប់មកពីប្រទេសថៃ និងយកចិត្តទុកដាក់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ និងពលករដែលមានបំណងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ដោយប្រថុយប្រថាន ដើម្បីបង្ការបាននូវវិបត្តិធ្ងន់ធ្ងរទាំងឡាយមកលើរដ្ឋបាលខេត្ត និងអាជ្ញាធរមាន សមត្ថកិច្ចជាយថាហេតុ និងជួយរៀបចំការងារជូនពួកគាត់ដើម្បីចិញ្ចឹមជីវិត។
បន្តពង្រឹងលេខាធិការដ្ឋាន ដើម្បីធ្វើជាជំនួយការ និងត្រូវជំរុញអនុវត្តនូវផែនការសកម្មភាព ដែលបានដាក់ចេញព្រមទាំងខិតខំជំរុញអនុវត្តឱ្យទទួលបានជោគជ័យ នូវចង្កោមការងារក្នុងលក្ខណៈ សម្បត្តិទាំង៧ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ខិតខំពង្រឹងកម្លាំងប្រជាការពារឱ្យមានចំនួនសមស្របទៅតាមភូមិសាស្ត្រ និងប្រជាសាស្ត្រ នៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុស លើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឱ្យមានការចូលរួមជួយឧបត្ថម្ភ គាំទ្រទាំងខាងមធ្យោបាយ សម្ភារ ថវិកា និង ការគាំទ្រខាងស្មារតីដល់ប្រជាការពារនៅគ្រប់មូលដ្ឋានឱ្យមាននិរន្តរភាព។
យកចិត្តទុកដាក់តាមដានព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានានៅក្នុងមូលដ្ឋាន ដើម្បីធានាធ្វើ អន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា។
បង្កើនការប្រុងប្រយ័ត្នក្នុងការថែរក្សា ពង្រឹងសន្តិសុខជាតិដោយត្រូវធានាការទប់ស្កាត់ និង បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសនានាដែលកំពុងកើតមានក្នុងមូលដ្ឋាននៅទូទាំងខេត្ត។ជាមួយនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រគល់ជូននូវសៀវភៅណែនាំគោលនយោបាល ចំនួន ៦៦ក្បាល និងសៀវភៅគោលនយោបាយ ចំនួន ៥៩៧ ដល់រដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្ត។
ជាការឆ្លើយតប ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលនយោបាយនេះឱ្យបានសម្រេចជោគជ័យ ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អាជ្ញាធរខេត្តនឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួម។ ឯកឧត្តមបានជំរុញឱ្យមេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន ជាពិសេសការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម និងដោះស្រាយឱ្យបានទាន់ពេលវេលា។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរួមគ្នាថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសន្តិភាពនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាកត្តាចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ឈុន សារ៉ាត





