ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញចូលរួមពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននៅខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥–
ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធីបុណ្យប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃចំនួន ២ វត្ត ក្នុងខេត្តបន្ទាយមានជ័យ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធមិត្តដ៏អង់អាចក្លាហានដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាបុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

វត្តទាំងពីរដែលបានទទួលទេយ្យទានក្នុងឱកាសនេះរួមមាន វត្តអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ វត្តស្វាយចាស់ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម កែ គឹមយ៉ាន អមដំណើរដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារជាច្រើនរូប បានបង្ហាញនូវទឹកចិត្តសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ ក្រៅពីការប្រគេនទៀនព្រះវស្សា និងទេយ្យទាន ឯកឧត្តមក៏បាននាំយកអំណោយជាច្រើនផ្តល់ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះផងដែរ ដើម្បីជាការលើកទឹកចិត្ត និងចែករំលែកសេចក្តីសុខក្នុងសហគមន៍៕
ដោយ៖ ឈុន សារ៉ាត





