អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥–
តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាកងាយរងគ្រោះ និង នាំយកទេយ្យទានរបស់សម្តេចមហាមន្រ្តី គុយ សុផល ប្រគេនដល់វត្តចំនួន២ក្នុងឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាកងាយរងគ្រោះ និង នាំយកទេយ្យទានរបស់សម្តេចមហាមន្រ្តី គុយ សុផល ប្រគេនដល់វត្តចំនួន២ក្នុងឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ពិធីនេះដោយមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធអង្គភាព នានាជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។ នាពេលបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័នដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត វត្តអារាម ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពកាន់តែប្រសើឡើង ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ នៃរដ្ឋសភា។

ទន្ទឹមនឹងនេះឯកឧត្តម បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួមសាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព និងសូម បន្ត ថែរក្សា នូវអ្វីៗដែលជាសមិទ្ធផល យើង មាន សព្វថ្ងៃនេះ គឺជា មោទនភាពរបស់ រាជរដ្ឋាភិបាល ដែល ដឹកនាំ។ ការដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ សុខសន្តិភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋនៅក្នុងខេត្ត អាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃនានាទៀតបានដោយមិនប្រកាន់ជាតិសាសន៍ណាឡើយ។ តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យ ដូច្នេះការនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគគឺជាការចូលរួមចំណែកមួយសម្រាប់ជួយសម្រួលផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់រយៈពេលបីខែ។

ឯកឧត្តមដំណាងរាស្ត្របានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ជួយណែនាំដល់កូនចៅរបស់ខ្លួនយកពេលទំនេរអានសៀវភៅដែលមាននៅតាមបណ្ណាល័យនិងនៅតាមសាលារៀន ដើម្បីបង្កើននិងពង្រឹងសមត្ថភាពយល់ដឹង ប្រែខ្លួនក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ទង្វើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា សូមឱ្យប្រជាពលរដ្ឋយើងធ្វើឱ្យបាន ដើម្បីនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះដែរឯកឧត្តម និងមន្ត្រីអមដំណើរ បាននាយកអំណោយនិងទេយ្យទានរបស់សម្តេចមហាមន្រ្តី គុយ សុផល ចែកជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារក្នុងមួយគ្រួសារៗទទួលបាន មានអង្ករចំនួន២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ត្រីខ១០កំប៉ុង, ថវិកា២ម៉ឺនរៀល, ដោយឡែកវត្តទាំង២ ក្នុង១វត្តទទូលបានទេយ្យទាន និងថវិកា៤២ម៉ឺនរៀលផងដែរ៕
ដោយ៖ បៃ ស៊ីថុន





