គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ក្នុងនោះស្រ្តី០៣នាក់ ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបាន កុំព្យូទ័រចំនួន១៦ គ្រឿង, ម៉ាស៊ីនព្រីនចំនួន០៣គ្រឿង, តុធ្វើការចំនួ១៨, ទូរស័ព្ទចំនួន៩៥ គ្រឿង , ipad ចំនួន១៦គ្រឿង , សម្លៀកបំពាក់ប៉ូលីសចិនមួយចំនួន, អាយកូមចំនួន០៤គ្រឿង , ខ្នោះដៃចំនួន០១, ទូដែកចំនួន០១ , ជញ្ជីងថ្លឹងគ្រឿងញៀន, ប្រអប់ដាក់គ្រឿងញៀនចំនួន០១, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្ភារ ប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនថែមទៀត។


សូមបញ្ជាក់ថា ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់បានបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីបន្តអនុវត្តន៍នីតិវិធី ។
ជាមួយគ្នានេះ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ដោយ៖ AKP





