អង្គការ ASC ទស្សនកិច្ចស្វែងយល់ពីការចិញ្ចឹមគ្រំចំពុះទារបស់សហគមន៍តំបន់ឆ្នេរ ខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥-- មន្រ្តីអង្គការ Fauna & Flora បានឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា នាពេលថ្មីៗនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ និងAquaculture Stewardship Council (ASC) បានចុះទស្សនកិច្ចទៅកាន់ខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់ពីការអនុវត្តការចិញ្ចឹមគ្រំចំពុះទារបស់សហគមន៍តំបន់ឆ្នេរ។

អង្គការ ASC បានជួបជាមួយអ្នកផលិត និងអ្នកប្រមូលទិញនៅសហគមន៍ពាមក្រសោប កោះកាពិ និងជ្រោយប្រស់ព្រមទាំងតំណាងមកពីមន្ទីរបរិស្ថានខេត្ត និងខណ្ឌរដ្ឋបាលជលផល ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងឱកាសក្នុងការចិញ្ចឹមគ្រំចំពុះទា និងខ្សែសង្វាក់ផលិតកម្ម។ បញ្ហាចម្បងមួយចំនួនដែលបានលើកឡើងរួមមានការកើនឡើងនៃតម្លៃវត្ថុធាតុដើម ទីផ្សារមិនស្ថិតស្ថេរ និងកង្វះខាតផ្នែកសង្គម និងបរិស្ថានអង្គការ ASC ក៏បានពិភាក្សាជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានអំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈម និងចំណុចខ្វះខាតទាំងនេះតាមរយៈការអនុវត្តវារីវប្បកម្មប្រកបដោយចីរភាព។


ដើម្បីស្វែងយល់បន្ថែមទៀត អង្គការ ASC និងអង្គការ Fauna & Flora ក៏បានរៀបចំសិក្ខាសាលាស្តីពីវារីវប្បកម្មប្រកបដោយចីរភាពនៅក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលមកពីរដ្ឋបាលជលផល អ្នកស្រាវជ្រាវ ក្រុមហ៊ុនបច្ចេកវិទ្យា និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីការអនុវត្តវារីវប្បកម្មនាពេលបច្ចុប្បន្ន និងសក្តានុពលសម្រាប់ការអភិវឌ្ឍវារីវប្បកម្មនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ដោយបានអញ្ជើញអ្នកជំនាញដើម្បីចែករំលែកចំណេះដឹងស្តីពីការអនុវត្តវារីវប្បកម្មប្រកបដោយចីរភាព ផ្អែកលើគោលការណ៍របស់ ASC ភាពច្នៃប្រឌិត និងករណីសិក្សាពីតំបន់ផ្សេងៗទៀតផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ Fauna & Flora)





