រដ្ឋបាលជលផលកោតសរសើរប្រជាពលរដ្ឋនៅខេត្តក្រចេះដែលផ្តល់ត្រីគល់រាំង១ក្បាល ទម្ងន់២០គីឡូក្រាម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះជូនចំពោះ លោក សូ ចាន់នី មានទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលបានផ្តល់ត្រីគល់រាំង១ក្បាល ទម្ងន់២០គីឡូក្រាម ជូនមន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីលែងចូលក្នុងទន្លេមេគង្គវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
សកម្មភាពនេះគឺជាគំរូដ៏ល្អ និងមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ សម្រាប់កូនចៅក្រោយៗទៀត។
ដោយមានការយកចិត្តទុកដាក់និងណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផលបានរៀបចំលិខិតសរសើរនិងបានប្រគល់ជូនលោក សូ ចាន់នី ជាការថ្លែងអំណរគុណ៕



ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលជលផល)





