លោក ឡាវរ៉ូវ សង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់លោក អាប់បាស អារ៉ាកជី (Abbas Araghchi) កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដោះស្រាយវិបត្តិកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូត។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសរុស្ស៊ី។
ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាគីទាំងពីរបានបន្តផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហានៃផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងរបៀបវារៈក្នុងតំបន់ និងអន្តរជាតិ។ សារៈសំខាន់នៃការដោះស្រាយវិបត្តកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់តាមរយៈមធ្យោបាយនយោបាយ និងការទូត ដែលស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិត្រូវបានសង្កត់ធ្ងន់ម្តងទៀត។ រដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នាទៅលើទំនាក់ទំនងនាពេលខាងមុខនៅក្នុងកម្រិតផ្សេងៗ»។
នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អ៊ីស្រាអែលបានបើកប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានបង្កើតកម្មវិធីនុយក្លេអ៊ែរយោធាដោយសម្ងាត់។ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះហើយបានឆ្លើយតបវិញដោយការវាយប្រហាររបស់ខ្លួន។ ក្នុងរយៈពេល១២ថ្ងៃបន្ទាប់ ភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នា។ សហរដ្ឋអាមេរិកបានចូលរួមនៅក្នុងជម្លោះនោះដោយកំណត់គោលដៅវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីថ្ងៃទី២២ ខែមិថុនា។ ជាការសងសឹក ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិកក្នុងប្រទេសកាតា។ កាលពីថ្ងៃទី២៣ ខែមិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថាអ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា ដែលនាំមកនូវការបញ្ចប់អរិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





