សហភាពអឺរ៉ុបចាប់ផ្តើមពិភាក្សាកញ្ចប់ទណ្ឌកម្មទី១៩ ប្រឆាំងនឹងរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- សហភាពអឺរ៉ុបបានចាប់ផ្តើមកិច្ចពិភាក្សាក្រៅផ្លូវការទៅលើកញ្ចប់ទណ្ឌកម្មទី១៩ ប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការឱ្យដឹងពីសមាជិកសភាអឺរ៉ុបមកពីប្រទេសឆេក លោក ថូម៉ាស់ ដេឆូវស្គី (Tomas Zdechovsky)។
លោក ដេឆូវស្គី បាននិយាយថា «ការពិភាក្សាទៅលើកញ្ចប់ទណ្ឌកម្មទី១៩ នេះ បានដំណើរការរួចហើយ បើទោះបីជាវាស្ថិតក្នុងដំណាក់កាលដំបូង និងក្រៅផ្លូវការក៏ដោយ។ បញ្ហាចម្បង គឺទណ្ឌកម្មនោះមិនមែនជារឿងនយោបាយទេ ប៉ុន្តែជាលក្ខណៈបច្ចេកទេស។ បន្ទាប់ពីកញ្ចប់ទណ្ឌកម្មចំនួន១៨ ការរឹតបន្តឹងត្រូវបានដាក់ទៅលើគោលដៅជាក់ស្តែងបំផុតរួចហើយ។ ឥឡូវនេះ ការផ្តោតសំខាន់គឺទៅលើការរឹតបន្តឹងការគ្រប់គ្រងការពង្រីកការរឹតបន្តឹងបន្ទាប់បន្សំ និងការបញ្ជាក់អំពីការគ្រប់គ្រងការនាំចេញនិងនាំចូល»។
កញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីលើកទី១៨ មិនទាន់ត្រូវបានឯកភាពគ្នានៅឡើយទេនៅក្នុងសហភាពអឺរ៉ុប។ ប្រទេសហុងគ្រី និងស្លូវ៉ាគី បន្តប្រឆាំងនឹងផែនការរបស់គណៈកម្មការអឺរ៉ុបក្នុងការហាមឃាត់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនៅត្រឹមដើមឆ្នាំ២០២៨។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោកភែទ័រ ហ្ស៊ីជចាតូ ៩Peter Szijjarto) បាននិយាយថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅថ្ងៃនោះ លោក និងសមភាគីស្លូវ៉ាគី លោក ជូរ៉ាច ប្លាណារ ៩Juraj Blanar) បានរារាំងការអនុម័តកញ្ចប់ទណ្ឌកម្មទី១៨ និងទាមទារឱ្យដកផែនការថាមពលរបស់ទីក្រុងប្រ៊ុចសែលចេញពីរបៀបវារៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





