រដ្ឋមន្ត្រីការបរទេសនៃអង្គការ SCO និងមេដឹកនាំចិន ពិភាក្សាអំពីការអភិវឌ្ឍរបស់អង្គការ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៃរដ្ឋសមាជិក បានពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍរបស់អង្គការនេះនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping)។ នេះបើយោងតាមការប្រកាសរបស់សេវាសារព័ត៌មានរបស់ក្រសួងការបរទេសបេឡារុស្ស។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នៅក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពបច្ចុប្បន្ន និងទិសដៅអនាគតនៃការអភិវឌ្ឍអង្គការ SCO រួមទាំងនៅក្នុងបរិបទនៃកិច្ចប្រជុំកំពូល SCO នៅកម្រិតប្រមុខរដ្ឋនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងទៀនជីងរបស់ប្រទេសចិននាពេលខាងមុខ»។
យោងតាមក្រសួងការបរទេសបេឡារុស្ស បានឱ្យដឹងថា ប្រធានាធិបតីចិនបានគូសបញ្ជាក់អំពីអាទិភាពនៃការធ្វើជាប្រធានរបស់ប្រទេសចិននៅក្នុងអង្គការ SCO ហើយក៏បានវាយតម្លៃអំពីស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្នដែរ។
អង្គការ SCO ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃនៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០០១។ ដំបូងឡើយ អង្គការនេះមានរដ្ឋជាសមាជិកចំនួន៦ គឺរុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ចិន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ឥណ្ឌា និងប៉ាគីស្ថានបានចូលរួមជាមួយក្រុមនេះនៅក្នុងឆ្នាំ២០១៧ ហើយអ៊ីរ៉ង់បានក្លាយជាសមាជិកនៅឆ្នាំ២០២៣។ សេចក្តីសម្រេចផ្តល់សមាជិកភាពដល់បេឡារុស្សត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល SCO នៅរដ្ឋធានីអាស្តាណានៃប្រទេសកាហ្សាក់ស្ថានកាលពីឆ្នាំមុន។ ឆ្នាំនេះ ប្រទេសចិនកាន់តំណែងជាប្រធានអង្គការ SCO៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





